លោកPaul O’Neill អតីតរដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាមេរិក ដែលបម្រើការកាលពីសម័យកាន់អំណាចរបស់ប្រធានាធិបតី George W. Bush នោះបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ក្នុងអាយុ៨៤ឆ្នាំ ។ លោកបានតស៊ូទប់ទល់ជាមួយជំងឺមហារីកយ៉ាងខ្លាំង ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន NDTV កាលពីថ្ងៃទី១៩ ខែមេសា ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានផ្សាយថា លោក O’Neill បានទទួលមរណភាពនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ។
លោក O’Neill បានចាប់កំណើតនៅទីក្រុង St Louis រដ្ឋ Missouri ។ លោកធ្លាប់កាន់តំណែងជាន់ខ្ពស់ក្នុងការិយាល័យហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាមេរិក ដូចជារដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតីទី៣៧ លោកRichard Nixon និងរដ្ឋាភិបាលប្រធានាធិបតីទី៣៨ លោក Gerald Fordផងដែរ ។
លោក O’Neill បានលាឈប់ពីឆាកនយោបាយ នៅពេលប្រធានាធិបតីអាមេរិកទី៣៩ លោកJimmy Carter បានជ្រើសរើសជីវិតក្នុងវិថីឯកជន ធ្វើជាប្រធានក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានអន្តរជាតិ ហើយជាប្រធានក្រុមហ៊ុនឧស្សាហកម្មយក្ស Alcoaនោះរួចមក ។
ក្នុងឆ្នាំ២០១៩ លោក O’Neill បានបរិច្ចាគទឹកប្រាក់៣០លានដុល្លារទៅដល់សាលា Alma Mater ។ លោកបានបន្សល់ទុកនូវភរិយាឲ្យរស់នៅ និងកូន៤នាក់, ចៅប្រុស ស្រី១២នាក់ និងចៅទូត១៥នាក ៕ ប្រែសម្រួលដោយ៖ thach yat