ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាបានកើនឡើងពី ២៨ករណីនៅថ្ងៃម្សិលមិញ ដល់ ៣៣ករណីវិញនៅថ្ងៃនេះ ប៉ុន្តែសំណាងល្អដែលមិនមានអ្នកជំងឺណាម្នាក់បានស្លាប់។ តាមរបាយការណ៍បានឱ្យដឹងថា ចំនួនអ្នកជាសះស្បើយមានរហូតដល់ទៅ ១០០នាក់ ហើយពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសបានកើនឡើងដល់ ២៧៣៣នាក់ អ្នកជាសះស្បើយសរុបចំនួន ១៧៨៧នាក់ និងចំនួនអ្នកស្លាប់សរុបមានចំនួន ៤៧នាក់។ មានខេត្តចំនួន ២៩ មិនត្រូវបានរាយការណ៍អំពីករណីអ្នកឆ្លងថ្មីក្នុងរយៈពេល ១៤ថ្ងៃកន្លងមកនេះទេ។
អ្នកនាំពាក្យរបស់ CCSA លោក Taweesin Visanuyothin នៅថ្ងៃនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាជនប្រមាណ ១០០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងមុខវត្ត Don Muang កាលពីថ្ងៃសុក្រដើម្បីទទួលបានប្រាក់ចំនួន ៥០០ទៅ១០០០បាត ពីអ្នកផ្តល់ជំនួយសប្បុរសធម៌។ លោកបានបន្តថាប្រជាជនទាំងនេះកំពុងប្រឈមនឹងហានិភ័យឆ្លងវីរុសកូរ៉ូណា។ លោកបានព្រមានដល់ពួកគេទាំងអស់ថា «ត្រូវតាមដានសុខភាពរបស់ពួកគេនិងទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើពួកគេមានអាការៈក្តៅខ្លួនឬឈឺបំពង់ក»។ គាត់បន្ថែមថា គាត់មិនចង់ឃើញថៃឆ្លងវីរុសនិងរីករាលដាលខ្លាំងដូចនៅ ជប៉ុននិងសិង្ហបុរីទេ។
រូបតំណាង
លោកវេជ្ជបណ្ឌិត Taweesin បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង ៤៧នាក់ គឺមាន៤៣% កើតជំងឺទឹកនោមផ្អែម ៣៦% កើតជំងឺលើសឈាម និង ១៤% កើតជំងឺបេះដូង។ អ្នកនាំពាក្យរបស់ CCSA បាននិយាយថា ប្រទេសថៃបច្ចុប្បន្នស្ថិតនៅលំដាប់ទី៥២ នៃចំណាត់ថ្នាក់ពិភពលោក ដែលរងផលប៉ះពាល់ដោយសារវីរុសកូរ៉ូណា ប៉ុន្តែប្រទេសថៃនឹងទាញយកមេរៀនពីប្រទេសដទៃទៀតដូចជាប្រទេសជប៉ុន ឥណ្ឌូនេស៊ី ហ្វីលីពីននិងម៉ាឡេស៊ីដែលមានការឆ្លងវីរុសកើនឡើងយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ នៅខេត្ត Narathiwat ជនជាតិថៃ-មូស្លីម ចំនួន១០០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសម៉ាឡេស៊ីបានវិលត្រឡប់មកប្រទេសថៃវិញហើយនៅព្រឹកនេះ តាមរយៈច្រកព្រំដែនស្រុកSu-ngai Kolok ខេត្ត Narathiwat ។ ពួកគេទាំងអស់ត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅទីតាំងដែលរដ្ឋបានកំណត់រយៈពេល ១៤ថ្ងៃ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD