ចំនួននៃអ្នកដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពីការបាត់បង់ការងារបានកើនឡើងស្ទើរតែទ្វេដងរហូតដល់ ៧០០ ០០០ នាក់ គិតពីខែធ្នូ ឆ្នាំ២០១៩ ហើយក្នុងចំណោមនោះមានចំនួន ១៤០ ០០០ នាក់ ដែលបានដាក់ពាក្យស្នើសុំក្នុងខែមីនា ឆ្នាំ២០២០។ អ្នកធ្វើការរាប់រយនាក់បានបាត់បង់ការងាររបស់ពួកគេ ដោយសារតែការបិទរោងចក្រ នៅពេលដែលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នេះបើយោងតាមការលើកឡើងរបស់នាយកដ្ឋានការពារពលកម្ម និងសុខុមាលភាព។
លោក Apinya Sujarittanan នាយកទូទៅនៃនាយកដ្ឋានការពារពលកម្ម និងសុខុមាលភាព បានលើកឡើងកាលពីថ្ងៃសុក្រថា របបសន្តិសុខសង្គមបានផ្តល់របាយការណ៍ដែលបង្ហាញថាមានមនុស្សជាង ៧០០ ០០០ នាក់បានស្នើសុំអត្ថប្រយោជន៍ពីការបាត់បង់ការងាររបស់ពួកគេ។ លោកបាននិយាយវាជាការកើនឡើងយ៉ាងខ្លាំងនៃអ្នកគ្មានការងារធ្វើបើប្រៀបធៀបទៅនឹងខែធ្នូ ដែលមានត្រឹមតែ ៣៦០ ០០០ នាក់។ លោកបានបន្តទៀតថាចំនួនតួលេខនេះបង្ហាញពីចំនួននៃមនុស្សដែលត្រូវបានបញ្ឈប់ពីការងារថ្មីៗនេះ ហើយចំនួនតួលេខនៃការកើនឡើងរបស់អ្នកបាត់បង់ការងារធ្វើនឹងមានបង្ហាញក្នុងរបាយការណ៍មួយផ្សេងទៀតនៅចុងខែនេះ ដោយសារតែប្រទេសនៅតែបន្តទទួលរងនូវផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ ដែលបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុក។ ជាមួយគ្នានេះគាត់ក៏បានបញ្ជាក់ផងដែរថាចាប់តាំងពីខែតុលា រហូតដល់ខែមីនា មានអាជីវកម្មសរុបចំនួន៩៩២ បានបិទ បើប្រៀបធៀបទៅនឹងស្ថានភាពស្រដៀងគ្នានេះមានតែអាជីវកម្មចំនួន ៥១១ ប៉ុណ្ណោះដែលបានបិទក្នុងអំឡុងពេលដូចគ្នាចន្លោះឆ្នាំ២០១៨ និង ឆ្នាំ២០១៩។
រូបតំណាង
អ្នកបាត់បង់ការងារសរុបចំនួន ១៣,៤០៧ ដែលទទួលផលប៉ះពាល់ដោយសារការបិទអាជីវកម្ម និងមិនទទួលបានសំណង ហើយបានដាក់ពាក្យតវ៉ាទៅមន្រ្តីអធិការកិច្ចការងារ ហើយវាក៏ជាចំនួនកើនឡើងផងដែរបើប្រៀបទៅនឹងអំឡុងពេលដូចគ្នាដែលបានកើតឡើងក្នុងឆ្នាំមុន។ ក្នុងនាមជាមន្រ្តីអធិការកិច្ចការងារ លោក Apinya បានបញ្ជាក់ថាពួកលោកត្រូវតាមដាននូវរាល់បញ្ហានានាដែលបានកើតឡើងនឹងធានាឱ្យបានថាកម្មករនិយោជិតទាំងអស់ទទួលបានសំណងសមរម្យបន្ទាប់ពីត្រូវបានបញ្ឈប់ពីការងារ។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ bangkokpost