មកទល់ពេលនេះ មាននាវិកនៅលើនាវាផ្ទុកយន្តហោះបារាំង Charles De Gaulle ឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង១ពាន់នាក់។
លោកស្រី Florence Parly មន្ត្រីយោធាបារាំង កាលពីថ្ងៃទី១៧ ខែមេសា បានប្រកាសថា រហូតមកទល់នឹងពេលនេះ មាននាវិកនៅលើនាវាផ្ទុកយន្តហោះ Charles De Gaulle និងនាវាចម្បាំងការពារមានទាហានឆ្លងកូវីដ១៩ កើនឡើងដល់ ១០៨១នាក់ គឺស្មើនឹងពាក់កណ្តាល នៃនាវិកនៅលើនាវានោះ។
លោកស្រី Florence Parly បានបន្តទៀតថា ចំនួនអ្នកឆ្លងអាចនឹងខ្ពស់ជាងនេះ ព្រោះការធ្វើតេស្តទៅលើនាវិក៣០០នាក់ នៅមិនទាន់ចេញលទ្ធផលនៅឡើយ។ ក្នុងចំណោមអ្នកឆ្លង មាន ៤៥៤នាក់ ចេញអាការក្តៅរងារ ក្នុងនោះមាន២៤នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
មានករណីសង្ស័យថា នាវាផ្ទុកយន្តហោះរបស់បារាំង មានអ្នកឆ្លងកូវីដ១៩ តាំងពីថ្ងៃទី១៣ ខែមីនា ខណៈនាវានោះចូលចតនៅកំពង់ផែ Brest នាភាគខាងជើង នៃប្រទេសបារាំង។ ប៉ុន្ដែនៅពេលនេះ នាវិកទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក រយ:ពេល១៤ថ្ងៃ ដើម្បី តាមដានសុខភាព ថាតើកងទ័ពទាំងនោះមានឆ្លងកូវីដ១៩ដែរឬទេ៕ ប្រែសម្រួលដោយ MEO