បើគិតត្រឹមវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា (ម៉ោងនៅកម្ពុជា) នៅលើទឹកដី នៃប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើង ជាង៧សែននាក់។
វើលដូម៉ែទ័រ បានបង្ហាញតួលេខ នៃអ្នកឆ្លងកូវីដ១៩ កាលពីវេលាខាងលើថា នៅលើពិភព លោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ២ ២៥០ ១១៩នាក់ ក្នុងនោះស្លាប់ ១៥៤ ២៤១នាក់ និងជាសះស្បើយ៥៧១ ៥៧៧នាក់។ រហូតមកដល់ពេលនេះ វីរុសកូវីដ១៩ កំពុងរាតត្បានៅលើប្រទេស និងដែនដីជាង២០០ នៅលើពិភពលោក។
អាមេរិក ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ៧០៩ ៧៣៥នាក់ ក្នុងនោះស្លាប់ ៣៧១៥៤នាក់ និងជា សះស្បើយ ៦០៥១០នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើន បន្ទាប់ពីអាមេរិក គឺអេស្ប៉ាញ មានអ្នកឆ្លងកើនឡើងដល់ ១៩០៨៣៩នាក់ ក្នុងនោះស្លាប់ ២០០០២នាក់ និងជាសះស្បើយ៧៤ ៧៩៧នាក់។ រីឯអ៊ីតាលី មានអ្នកឆ្លងកើនឡើង ១៧២៤៣៤នាក់ ក្នុងនោះស្លាប់ ២២ ៧៤៥នាក់ និងជាសះស្បើយ ៤២៧២៧នាក់។
បារាំង ជាប្រទេសឈរលំដាប់ទី៤ នៃចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លង ១៤៧៩៦៩នាក់ ក្នុងនោះស្លាប់ ១៨ ៦៨១នាក់ និងជាសះស្បើយ ៣៤៤២០នាក់។ បន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ មានអ្នកឆ្លង ១៤១ ៣៩៧នាក់ ក្នុងនោះស្លាប់៤៣៥២នាក់ និងជាសះស្បើយ៨៣១១៤នាក់។ បន្ទាប់មក គឺអង់គ្លេស មានអ្នកឆ្លង ១០៨៦៩២នាក់ ក្នុងនោះមានអ្នកស្លាប់១៣៧២៩នាក់ ។
ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើងដំបូង នៃវីរុសនេះ ស្ថិតក្នុងលំដាប់លេខ៧ នៃប្រទេសដែលមានអ្នកឆ្លងវីរុសកូវី៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រទេសចិន មានអ្នកឆ្លង ៨២ ៧១៤នាក់ ក្នុងនោះស្លាប់៤៦៣២នាក់ និងជាសះស្បើយជិត ៧៧៩៩៤នាក់។
បើតាមគេហទំព័រខាងលើ បានបង្ហាញថា អាមេរិក ជាប្រទេសមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon