ជារៀងរាល់ឆ្នាំ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រានោះ គឺអ៊ីរ៉ង់តែងតែបង្ហាញគ្រឿងសព្វាវុធ
ទំនើបៗជាច្រើន ជាពិសេស គឺមីស៊ីលទំនើបបំផុតៗដែលអាចកម្ទេចគោលដៅរបស់សត្រូវ ក្នុងរយៈពេលខ្លី។ ប៉ុន្តែនៅក្នុងសម័យសង្គ្រាមប្រឆាំងនឹងកូវីដ១៩ មីស៊ីល និងអាវុធទំនើបៗផ្សេងទៀត មិនអាចធ្វើអ្វីកូវីដ១៩បានឡើយ មានតែបរិក្ខារពេទ្យប៉ុណ្ណោះ។
ដោយសារតែបញ្ហានេះ ទើបអ៊ីរ៉ង់បង្វែរ ពីបង្ហាញអាវុធសម្លាប់មនុស្ស មកជាដង្ហែអាវុធសម្រាប់សង្គ្រាមប្រឆំាងនឹងវីរុសទៅវិញ។ កាលពីថ្ងៃទី១៧ ខែមេសា អ៊ីរ៉ង់បានដង្ហែក្បួនព្យុហយាត្រា ឧបករណ៍សម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ រួមមាន រថយន្តបាញ់ថ្នាំសម្លាប់កូវីដ១៩ បរិក្ខារពេទ្យជាច្រើនប្រភេទ នៅក្នុងទិវាបង្កើតកម្លាំងយោធា នៃប្រទេសនេះ។
បើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Kianush Jahanpur បានបញ្ជាក់ថា បច្ចុប្បន្ន អ៊ីរ៉ង់មានអ្នកស្លាប់ដោយកូវីដ១៩ កើនឡើងដល់ជិត៥ពាន់នាក់ហើយ។ ចំណែកអ្នកឆ្លងវិញ បានកើនឡើងដល់ជាង៧៩ពាន់នាក់ ក្នុងនោះមានជាង៣ពាន់នាក់ ស្ថិតក្នុងសភាពគ្រោះថ្នាក់។
នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាឆ្នាំនេះ មានឈ្មោះ «អ្នកការពារភូមិស្រុក អ្នកការពារសុខភាព» ត្រូវបានរៀបចំឡើង នៅទីតាំងហ្វឹកហាត់យោធា ត្រៀមធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ១៩។ នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩នេះ មានពេទ្យយោធា រហូតដល់ទៅ១១ពាន់នាក់ចូលរួមផងដែរ។
លោក Abdolrahim Mousavi មន្ត្រីយោធាអ៊ីរ៉ង់ បានបញ្ជាក់ថា យើងត្រូវតែបន្សាំរស់នៅជាមួយនឹងស្ថានភាពកូវីដ១៩ រហូតដល់មានអាវុធកម្ចាត់ «ថ្នាំព្យាបាល»វា៕ ប្រែសម្រួលដោយ៖MEO