កាលពីវេលាម៉ោង ០៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមិនឃើញបុរសរងគ្រោះខាងលើចេញទៅធ្វើការដូចសព្វដង ទើបនាំគ្នាទៅមើលក៏ស្រាប់តែឃើញដេកស្លាប់មិនដឹងតាំងពីពេលណាមកនោះទេ ក៏មានការផ្អើលឆោឡោពេញបន្ទប់ជួលទីតាំងកើតហេតុ។
ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ជឿន ចេក ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៩ នៃទីតាំងកើតហេតុ មានប្រពន្ធ និងកូន ០២នាក់ រស់នៅឯស្រុកកំណើត ឃុំព្រែកទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានសន្និដ្ឋានថា សាកសពបានស្លាប់ដោយសារគាំងបេះដូង៕ ដោយ ៖ សុង យូ