ដោយសារតែវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ (Coronavirus Disease 2019 = Covid-19) កំពុងតែរាតត្បាតយ៉ាងខ្លាំងនោះ ធ្វើឲ្យអាជ្ញាធរអូស្រ្ដាលី អាចនឹងបន្ដបិទប្រទេស រយ:ពេលមួយឆ្នាំ។
លោក Scott Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី កាលពីព្រឹក ថ្ងៃទី១៧ ខែមេសា បានព្រមានថា ជីវិតសាធារណ:របស់ប្រទេសអូស្រ្ដាលី អាចនឹងត្រូវបិទ រយ:ពេលមួយឆ្នាំ ដោយសារការរាតត្បាត នៃវីរុសកូវីដ១៩។ ជាមួយគ្នានេះដែរ បណ្ដារដ្ឋដែលមានប្រជាពលរដ្ឋច្រើន ក៏គួរតែពិចារណា ក្នុងការបញ្ជូនកូនទៅសាលាផងដែរ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អូស្រ្ដាលីបានគេចផុតពីប្រទេសដែលមានចំនួនអ្នកស្លាប់ ដោយកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។ អាជ្ញាធរអូស្រ្ដាលីបានបិទព្រំដែនរបស់ខ្លួន ហើយរឹតបន្ដឹងលើវិធានការដាក់ឲ្យនៅឆ្ងាយពីសង្គម ខណ:វីរុសកំពុងតែរាតត្បាត។
ជាមួយគ្នានេះ អាជ្ញាធរអូស្រ្ដាលីបានដាក់បម្រាម មិនអនុញ្ញាតឲ្យពលរដ្ឋនៅផ្ដុំគ្នា លើពី២នាក់ឡើងទៅ។ ក្រៅពីនេះ អាជ្ញាធរបានបញ្ជាឲ្យបិទរង្គសាល ភោជនីយដ្ឋាន …ជាដើម។ ដោយឡែកអ្នកល្មើសនឹងបម្រាមនេះ អាចនឹងរងនូវការផាកពិន័យ ហើយជាប់គុថែមទៀតផង។ វិធានការខាងលើនេះ អាចនឹងជំរុញឲ្យមានអត្រាអត់ការងារធ្វើ កើនឡើងទ្វេដង នៅក្នុងប្រទេសអូស្រ្ដាលី នាពាក់កណ្ដាលឆ្នាំនេះ។
បើយោងតាមវើលដូម៉ែទ័រ ចេញផ្សាយតួលេខ កាលពីរសៀល ថ្ងៃទី១៧ ខែមេសា បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសអូស្រ្ដាលី មានអ្នកឆ្លងកូវីដ១៩ ចំនួន៦៤៩៧នាក់ ក្នុងនោះស្លាប់៦៣នាក់ និងជាសះស្បើយ ចំនួន៣៧៤៧នាក់៕ ប្រែសម្រួលដោយ Nuon