ភ្នំពេញ៖ កម្ពុជាកំពុងជួបជំងឺកូវីដ១៩ ក៏មានជនខិលខូចមួយចំនួន បានលួចនាំចូល និងចែកចាយនូវឧបករណ៍បរិក្ខាពេទ្យ ដូចជា អាល់កុល ជែល សារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាសលាស់ មកកម្ពុជា ឆ្លៀតឱកាសកេងចំណេញ។ នេះបើយោងតាមសម្ដីលោក មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
លោក មៀច សុផាន់ណា បានលើកឡើងថា ការរីករាលដាលជំងឺកូវីដ១៩ ដោយខណៈពេលដែលសកលលោក ក៏ដូចជា ប្រទេសកម្ពុជាកំពុងជួបមានករណីជំងឺ កូវីដ១៩ ដែលស្ថិតក្នុងស្ថានភាព ដ៏ពិបាកនេះ ក៏មានជនខិលខូចមួយចំនួន បានលួចនាំចូល និងចែកចាយ នូវឧបករណ៍ បរិក្ខាពពេទ្យ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាសលាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំទាន់ទទួលបានលិខិតអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ហើយសកម្មភាពទាំងនេះ គឺជាអំពើល្មើសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋយើង។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានអំពាវនាវដល់អាជីវករទាំងអស់ដែលពុំទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវប្រញាប់ទៅបំពេញបែបបទចុះបញ្ជីស្នាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ទទួលបាននូវផលិតផល និងសេវាកម្មដែលមានគុណភាពហើយស្របច្បាប់៕ ដោយ៖ តារា