ភ្នំពេញ៖ អ្នកប្រកបរបររត់តាក់ស៊ី នៅចំណតរថយន្តផ្សារដើមគ មានការសប្បាយរីករាយ ពេលដឹងថា អាជ្ញាធរអនុវត្តវិធានការថ្មី យកថ្លៃភាស៊ីតាមសៀវភៅបន្ទុក ដោយកន្លងមកម្ចាស់វិនិយោគចំណតរថយន្តផ្សារដើមគ ធ្វើការម៉ៅការអោយភាគីបន្ត យកថ្លៃភាស៊ី លើសសៀវភៅបន្ទុក។
ក្រោយពីការអនុវត្តន៍បញ្ឈប់ការម៉ៅការរបស់អ្នកម៉ៅការភាស៊ីរួចមក ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ម្ចាស់វិនិយោគ ចំណតរថយន្តផ្សារដើមគផ្ទាល់បានធ្វើការអនុវត្តន៍យកភាស៊ីតាមសៀវភៅបន្ទុក ដោយឲ្យអ្នករត់តាក់ស៊ី មកបង់នៅស្នាក់ការចំណតរថយន្តផ្សារដើមគ រថយន្តតូចតម្លៃ ១២.០០០៛ ចុះមកត្រឹម ៦.០០០៛ និងរថយន្តធំតម្លៃ ១៦.០០០៛ ចុះមកត្រឹម ៨.០០០៛ អ្នករត់តាក់ស៊ីទាំងរថយន្តតូច និងរថយន្តធំ មានការសប្បាយរីករាយជាខ្លាំង ចំពោះការអនុវត្តន៍វិធានការថ្មីនេះណាស់។
សូមបញ្ជាក់ផងដែរ ដោយមានការចូលរួមចំណែកជាមួយរដ្ឋាភិបាល នៅវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ម្ចាស់វិនិយោគចំណតរថយន្តផ្សារដើមគ បានចូលរួម៥០ភាគរយ នៃការយកភាស៊ី ដោយអនុវត្តតាមវិធានការថ្មីនេះ ជារៀងរហូត៕ ដោយ៖ សួង សាម