អាកាសយានិកម្នាក់ បានបញ្ជាយន្តហោះចុះចតបន្ទាន់ដោយសុវត្ថិភាព នៅលើផ្លូវហាយវ៉េយ៉ាងមមាញឹក ក្នុងប្រទេសកាណាដា។
បើតាមការចេញផ្សាយរបស់ប្រភព tr.com នៅថ្ងៃទី១៧ ខែមេសា បានបញ្ជាក់ថា យន្តហោះធុនតូច Piper Cherokee មួយគ្រឿង កំពុងហោះហើរទៅជិតដល់គោលដៅ ដែលត្រូវចុះចតនោះ ស្រាប់តែម៉ាស៊ីនមានបញ្ហា ក៏បង្ខំឲ្យអាកាសយានិកចុះចតជាបន្ទាន់ប្រកបដោយសុវត្ថិភាពបំផុត ។
ប្រភពបន្តថា យន្តហោះនេះបានចុះចតនៅលើផ្លូវហាយវ៉េ លេខ៤០ ស្ថិតក្នុងទីក្រុងកេប៉ិក (Quebec) ប្រទេសកាណាដា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។ យន្ដហោះនោះបានចុះចតបន្ទាន់ ខណ:រថយន្តកំពុងចរាចរយ៉ាងមមាញឹក តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងនោះឡយ ។
ហេតុការណ៍នេះបានកើតឡើង នៅចម្ងាយប្រមាណពី២ទៅ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិ Jean-Lesage ជាទីដែលយន្តហោះ Piper Cherokee ត្រូវចុះចត។ ប៉ូលិសក្នុងតំបន់បានអះអាងថា ការចុះចតបន្ទាន់នៃយន្តហោះនេះ ក៏ដោយសារតែមានបញ្ហានៅត្រង់ម៉ាស៊ីនយន្តហោះ ទើបបង្ខំឲ្យអាកាសយានិកចុះចតបន្ទាន់ តែរកកន្លែងចុះចតមិនបាន ក៏ចុះចតនៅលើផ្លូវហាយវ៉េតែម្តង៕ ប្រែសម្រួលដោយ៖ thach yat