ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សហរដ្ឋអាមេរិកបានឈានដល់ចំណុចកំពូលសម្រាប់ករណីឆ្លងវីរុសកូវីដ១៩។ហើយលោកបានព្យាករណ៍ថារដ្ឋមួយចំនួននឹងត្រូវ បើកដំណើរការឡើងវិញនៅខែនេះ។
លោក Trump បានថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ថាគោលការណ៍ណែនាំថ្មីនេះ នឹងត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបានជជែកជាមួយអភិបាល។
នៅក្នុងនោះដែរ លោកប្រធានាធិបតីបានប្រាប់ទៅកាន់អ្នកសារព័ត៌មានទៀតថា “យើងនឹងរៀបចំរដ្ឋរបស់យើងជាថ្មីម្តងទៀត និងធ្វើយ៉ាងណាឲ្យប្រទេសរបស់យើងត្រឡប់មកវិញក្នុងសភាពដូចដើម”។
គួរបញ្ជាក់ដែរថាសហរដ្ឋអាមេរិកមកទល់នៅពេលនេះ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួនជិត ៦៤០.០០០ នាក់ និងមានមនុស្សស្លាប់ជាង ៣០.៩០០ នាក់។ ប៉ុន្តែទោះជាយ៉ាងណា លោក Trump កំពុងស្ថិតនៅក្នុងការចរចាជាមួយអភិបាលរដ្ឋនៅឡើយទេ អំពីពេលវេលានៃការបន្ធូរបន្ថយការរឹតបន្តឹង និងការបើកអាជីវកម្មឡើងវិញ។
មួយវិញទៀត លោកបានសារភាពថាអំណាចរបស់ខ្លួនគឺមានដែនកំណត់សម្រាប់ការចេញសេចក្តីណែនាំមួយនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ BBC