ដោយសារតែវីរុសកូវីដ១៩រាតត្បាត ធ្វើឲ្យពលរដ្ឋថៃ ក៏ដូចជា បុគ្គលិក នៃបណ្ដាប្រទេសនានា នៅលើពិភពលោក អត់ការងារធ្វើ តែស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលថៃនឹងត្រូវផ្ដល់ប្រាក់ខែ ប្រហែល៦០ភាគ នៃប្រាក់ខែគោលរបស់បុគ្គលិកទាំងនោះដល់ពលរដ្ឋរបស់ខ្លួន។
លោក Sutthi Sukosol រដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា ការសងសំណងនេះ នឹងមានលក្ខណ:ស្រដៀងគ្នាទៅនឹងអ្វីដែលបុគ្គលិកមានការងារ ហើយត្រូវបញ្ជាឲ្យបិទ។ រដ្ឋាភិបាលនឹងផ្ដល់ប្រាក់ខែ ប្រហែល៦០ភាគរយ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ ដោយផ្អែកទៅលើប្រាក់ ខែអតិបរមា រហូតដល់១៥ ០០០បាត (លុយថៃ) ឬស្មើនឹង៤៦០ដុល្លារអាមេរិក ដោយផ្ដល់ ក្នុងរយ:ពេល៩០ថ្ងៃ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា បេឡាសន្តិសុខសង្គមបានកំណត់ថវិកា ចំនួន១៦៤ពាន់លានបាត ជាមូលនិធិសម្រាប់អ្នកគ្មានការងារធ្វើ ដោយយោងតាមច្បាប់សន្តិសុខសង្គម។ យើងរំពឹងថា នឹងចំណាយ រហូតដល់២០ពាន់លានបាត ក្នុងរយៈពេល៣ខែទៀត ដើម្បីទូទាត់សំណងដល់ប្រជាជន ប្រហែល១លាននាក់ ដែលកំពុងផ្អាកធ្វើការ ជាបណ្តោះអាសន្ន ដោយម្នាក់ៗត្រូវទទួលបាន ចន្លោះពី៥.០៤៥ ទៅ ៩៣០០ បាត ក្នុងមួយខែ។
លោករដ្ឋលេខាធិការ បានបន្ថែមថា បេឡាសន្ដិសុខសង្គម បានបន្ថែមចំនួន៩០ពាន់លានបាត ដើម្បីជួយដល់និយោជិត ដែលបញ្ចប់ការងាររបស់ពួកគេ ឬត្រូវបង្ខំឲ្យបញ្ចប់ការងាររបស់ពួកគេ នៅក្នុងអំឡុងការផ្ទុះឡើង នៃកូវីដ១៩នេះ។
បើគិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២៦៧២ ក្នុងនោះស្លាប់៤៦នាក់ និងជាសះស្បើយ១៥៩៣នាក់។ នេះបើយោងតាមការ ចេញផ្សាយតួលេខរបស់វើលដូម៉ែទ័រ៕ ប្រែសម្រួល ដោយ Nuon