រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបន្ទន់សម្ដីខុសប្លែកពីធម្មតាដោយអំពាវនាវដល់ចិន រួមគ្នាប្រឆាំងនឹងកូវីដ-១៩។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានការិយាល័យកិច្ចការបរទេសរបស់ក្រសួងការបរទេសចិន លោកYang Jiechi នោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវដល់ចិន ឲ្យរួមសហការគ្នា ដើម្បីប្រឆាំងនឹងកូវីដ-១៩។ នេះជាសកម្មភាពខុសប្លែកពីធម្មតា។
អ្នកនាំពាក្យ នៃក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានបញ្ជាក់ថា «រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ឡើងវិញ ពីជំនួយទៅឲ្យចិន កាលពីខែមករា ហើយអាមេរិកនឹងបន្ត ក្នុងពេលខាងមុខ។ រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងទៀតថា អ្វីដែលសំខាន់ នាពេលនេះ គឺផ្តល់លក្ខណៈងាយស្រួលឲ្យអាមេរិក ទទួលបានការផ្គត់ផ្គង់បរិក្ខារពេទ្យចាំបាច់ ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។
សារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែមេសា បានផ្សាយថា ចិនគឺជាប្រភពផ្គត់ផ្គង់ បរិក្ខារពេទ្យចាំបាច់បំផុតដល់អាមេរិក ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ ជំនួបពិភាក្សា ខាងលើគឺជាចំណុចដ៏សំខាន់ជួយដល់ទំនាក់ទំនង រវាងអាមេរិក-ចិន ឲ្យកាន់តែប្រសើរឡើង ក្រោយប្រឈមមុខតានតឹងដាក់គ្នា ជាច្រើនសប្តាហ៍កន្លងមក ចាប់តាំងពីការផ្ទុះកូវីដ-១៩នោះមក៕ ប្រែសម្រួលដោយ៖ MEO