ពិធីស្រង់ព្រះ បង្ហាញពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នៅក្នុងពិធីស្រង់ព្រះនេះ គេតែងធ្វើពិធីស្រង់ព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជន តាមវត្តអារាម និងតាមភូមិស្រុក។ មុននឹងស្រង់ទឹក កូនចៅលុតជង្គង់សុំខុមាលទោសអំពីកំហុសឆ្គង ដែលកូនចៅបានប្រព្រឹត្តខុសឆ្គងកន្លងមកដោយកាយក្តី វាចាក្តី និងចិត្តក្តី ដែលបានធ្វើឲ្យមាតាបិតា ជីដូនជីតាព្រួយបារម្ភ បន្ទាប់មកថា្វយបង្គំនិមន្តរូបព្រះពុទ្ធ ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជន ទៅស្រង់ទឹកដោយមានការសមាទានសីល ប្រគេនភត្តាហារ ឬភេសជ្ជៈ ក្នុងទីនោះផងដែរ។ ឯកឧត្ដម ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជា រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ថា ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលជាថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងមកវត្តអារាម ដើម្បីធ្វើពិធីនេះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង។ ឯកឧត្ដមបញ្ជាក់ថា ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ គឺថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលត្រូវជាថ្ងៃវារៈឡើងស័ក ដែលពុទ្ធសាសនិកទាំងព្រះសង្ឃនិងគ្រហស្ថ តែងជួបជុំគ្នា រៀបចំពិធីស្រង់ទឹកព្រះពុទ្ធបដិមាតូចធំនៅតាមទីវត្តអារាមនានា និងតាមគេហដ្ឋានរៀងៗខ្លួនផងដែរ។ ឯកឧត្តមបានបន្តថា អត្ថន័យនៃពិធីនេះ មិនខុសអីពីការសំដែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសំដែងធម៌ទេសនា ប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះពុទ្ធបរិស័ទមកសំដែងគុណដោយធ្វើពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឲ្យត្រជាក់។ ហើយមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និងឲ្យបានត្រជាក់ជុំ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីទាំងអស់គ្នា។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះបច្ចុប្បន្នដោយសារប្រទេសកម្ពុជាកំពុងប្រឈមនឹង ជំងឺកូរ៉ូណា ដូច្នោះ ប្រជាពលរដ្ឋ គួរស្រង់ព្រះ នៅតាមគេហដ្ឋានរៀងៗខ្លួន ដើម្បីចូលរួមកាត់បន្ថយការចម្លងនៃវីរុសកូវីដ១៩ ព្រោះការស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំដូចៗគ្នា។ សំឡេង៖ អញ្ចឹងគឺទំនៀមទំលាប់ នៅក្នុងប្រពៃណីរបស់យើងធ្វើតាមទំនៀមរបស់ពុទ្ធសាសនាជាពិសេសគឺការស្រង់ព្រះក្តី មាតាបិតាក្តី គឺមាននៅក្នុងតាមសៀវភៅក្បួនច្បាប់ ដែលបានស្នើទៅព្រះសម្មាសម្ពុទ្ធ អញ្ចឹងយើងគួរតែយល់ដឹង ព្រោះបើយើងមានព្រះឆ័យាល័ក្ខ នោះគឺអស្ចារ្យហើយ ព្រោះព្រះបាទធម្មិកនៅទីហ្នឹងហើយ បើយើងគ្មានព្រះបដិមានៅផ្ទះទេ គឺព្រះបាទធម្មិកនិងព្រះឆាយាល័ក្ខថ្វាយបង្គំទៅ គោរពទៅមាតាបិតាទៅ ហើយបុរាណណាចារ្យពីដើមហ្នឹងពេលយើងងូតទឹកឲ្យគាត់ ពួកយើងត្រូវថ្វាយបង្គំគាត់ អុចធូ៩សរសៃជូនអ្នកមានគុណ ដើម្បីឲ្យអ្នកមានគុណកូទឹកសូត្រស្រោចទឹក អោយត្រជាក់ត្រជុំ គឺអាហ្នឹងនៅក្នុងក្បួនបុរាណណាចារ្យវាមានវាជាសេចក្តីសុខនិងជោគជ័យទាំងឡាយរបស់យើងទាំងអស់គ្នា។
លោក ឡុញ ធីណា រស់នៅទីក្រុងភ្នំពេញបានឲ្យដឹងដែរថា ពិធីនេះប្រជាជនខ្មែរ តែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និងមានជំនឿយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។ ហើយក្រុមគ្រួសាររបស់លោកតែងតែ ស្រោចទឹកថ្វាយព្រះពុទ្ធបដិមា ក៏ដូចជាមាតាបិតា នៅក្នុងគេហដ្ឋាន ជុំកូនចៅ ដើម្បីផ្សងបួងសួងសុំសេចក្តីសុខ និងភាពត្រជាក់ត្រជុំត្រលប់មកក្នុងក្រុមគ្រួសារវិញផងដែរ។ សំឡេង៖ ថ្វីត្បិតតែយើងមិនបានទៅស្រង់ព្រះនៅឯវត្តអារាមក៏ពិតមែន ប៉ុន្តែយើងមានព្រះរស់នៅឯផ្ទះ ដូចជាឪពុកម្ដាយ ជីដូនជីតាយើងនៅផ្ទះ ហើយយើងក៏អាចស្រង់ព្រះបាន ហើយទទួលបានបុណ្យកុសលក៏បានដូចយើង ស្រង់ព្រះនៅវត្តដែរ ហើយយើងក៏បានកាត់បន្ថយនៃការជួបជុំផងដែរចឹងការស្រង់ព្រះនៅផ្ទះដែលមានព្រះរស់ជាមាតាបិតាជាមាតាបិតានេះ គឺជាការល្អប្រសើរ ព្រោះពីដើមឡើយក៏យើងមានការស្រង់ព្រះនៅផ្ទះ ហើយក៏យើងទៅស្រង់ព្រះនៅវត្តអារាមបន្តផងដែរ ។ ប្រវត្តិនៃពិធីស្រង់ព្រះនេះ មានតាំងពីជំនាន់ព្រះពុទ្ធព្រះនាមសរណង្ករ មុនព្រះសម្មាសម្ពុទ្ធព្រះនាម សមណគោតមទៅទៀត ដែលគ្រានោះ មានព្រះមហាក្សត្រមួយអង្គព្រះនាម បុប្ផរាជ ទ្រង់បាននិមន្តភិក្ខុសង្ឃដើម្បីមកស្រង់ទឹក រួចហើយធ្វើការប្រគេនភត្តាហារចំពោះភិក្ខុអង្គនោះ។ ក្នុងមហាសំការសូត្រ ដែលមានចែងក្នុងគម្ពីរសុត្តជាតក បានរៀបរាប់ថា នៅថ្ងៃសង្រា្កន្តឆ្នាំថ្មីជិតចូលមកដល់ ជំនាន់ព្រះសម្មាសម្ពុទ្ធ មានព្រះមហាក្សត្រមួយអង្គព្រះនាម សេនទិកោសល បានរៀបចំជាបារាំយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយ ហើយក៏បាននិមន្តព្រះពុទ្ធ និងព្រះសង្ឃស្រង់ទឹក រួចសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ ព្រមទាំងភិក្ខុសង្ឃនៅទីនោះ។បើតាមសៀវភៅលំអានទំនៀមខ្មែរបុរាណ ភាគ១ របស់ឯកឧត្តម ញាណ ភឿន ការស្រង់ទឹកជូនមាតាបិតា ឬជីដូនជីតាជាដើម គប្បីរៀបកន្លែងមានគ្រែចងជាបុស្បុក មានពាងទឹក៤ តាមចែងគ្រែ រួចកូនចៅលុតជង្គង់ សុំខមាទោសមាតាបិតា ជីដូនជីតា អំពីកំហុសខុសឆ្គងដែលកូនចៅអនុវត្តខុសកន្លងមក ជាសម្តីក្តី ឬកូនចៅមានទំនាស់ទាស់ទែងបងប្អូនខ្លួន ប្រកាន់ពាក្យសម្តីគ្នាដែលធ្វើឱ្យមាតាបិតា ជីដូនជីតាព្រួយបារម្ភ និងសុំពរជ័យពីពួកគាត់។ បន្ទាប់មក កូនចៅត្រូវថ្វាយបង្គំពួកគាត់ សុំអញ្ជើញទៅស្រង់ទឹក និងផ្លាស់សម្លៀកបំពាក់ដែលកូនចៅបានរៀបជូន ក្រោយបញ្ចប់គារវកិច្ចស្រង់ទឹកនោះ។ សូមបញ្ជាក់ថា នៅសម័យអង្គរក្នុងរាជព្រះបាទជ័យវរ័ន្មទី៧ ពេលចូលឆ្នាំថ្មីម្តងៗ ព្រះអង្គតែងធ្វើពិធីស្រង់ព្រះនៅប្រាសាទព្រះខ័ន ដោយនិមន្តព្រះពុទ្ធបដិមាដែលមានមហិទ្ធិឫទ្ធិ ចំនួន២៥អង្គ តំណាងអាណាខេត្តនៅក្នុងព្រះរាជាណាចក្រ។ ក្នុងនោះរួមមាន ការដង្ហែព្រះពុទ្ធរូបទាំងអស់នោះ ជាក្បួនយ៉ាងមហោឡារិក មុននឹងយកទៅតម្កល់នៅកន្លែងដើមវិញ។ នេះបើតាមសៀវភៅកម្ពុជាសុរិយា ឆ្នាំទី៤៨ លេខ១ ឆ្នាំ១៩៩៤៕