ដោយសារបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជា ពិភពលោក នៅតែជាការគំរាមកំហែងពីវីរុសកូវីដ១៩ ទើបនាយករដ្ឋមន្រ្ដីវៀតណាម និងសមភាគីស៊ុយអែត បានពិភាក្សាគ្នា ស្ដី អំពីយុទ្ធសាស្រ្ដសង្រ្គាម ប្រឆាំងនឹងវីរុសរាតត្បាតដ៏កាចសាហាវនេះ។
យោងតាមសារព័ត៌មានវៀតណាម បានផ្សាយថា លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដីវៀតណាម និងសមភាគីស៊ុយអែត លោក Stefan Löfven កាលពីថ្ងៃទី១៥ ខែមេសា បានពិភាក្សាគ្នា តាមទូរស័ព្ទ ស្ដីអំពីកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃវីរុសកូវីដ១៩ ហើយការធ្វើឲ្យប្រសើរឡើង អំពីទំនាក់ទំនងទ្វេភាគី។ នាយករដ្ឋមន្រ្ដីវៀតណាម បានប្រាប់ដល់សមភាគីថា រដ្ឋាភិបាល នៃប្រទេសនេះបានខំប្រឹងប្រែង រិះរកគ្រប់វិធីសាស្រ្ដ ដើម្បីទប់ស្កាត់នូវការរាតត្បាត នៃវីរុសកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនរបស់ខ្លួន និងជនបរទេសរស់នៅក្នុងប្រទេសនេះ មានសុវត្ថិភាព។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ប្រាប់សមភាគីថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសហការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ ស្របគ្នានោះដែរ លោកនាយករដ្ឋមន្រ្ដីវៀតណាម ក៏បានស្នើឲ្យស៊ុយអែតជួយផ្ដល់ការទ្រទ្រង់ដល់ការថែទាំសុខភាព និងគាំទ្រដល់ប្រជាជនវៀតណាម ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃវីរុសដ៏កាចសាហាវនេះ។
ក្រៅពីនេះនាយករដ្ឋមន្រ្ដីវៀតណាម និងស៊ុយអែត សន្យាជំរុញឲ្យមានកិច្ចសហប្រតិបត្ដិការឲ្យកាន់តែប្រសើរឡើងនូវចំណងទំនាក់ទំនងទ្វេភាគី។
បើគិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន២៦៨ ក្នុងនោះជាសះស្បើយ ១៧១នាក់។ រីឯប្រទេសស៊ុយអែត មានអ្នកឆ្លងកូវីដ១៩ ចំនួន១១៩២៧ ក្នុងនោះស្លាប់១២០៣នាក់ និងស្លាប់៣៨១នាក់៕ ប្រែសម្រួលដោយ Nuon