ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើតំណាងរាស្ត្រមិនវិលត្រឡប់មកធ្វើការនោះទេ លោកនឹងបិទសភា។ ការព្រមានខាងលើរបស់លោក ត្រាំ ក្រោយពេលគ្មានតំណាងរាស្ត្រត្រូវអនុម័ត ចំពោះតំណែងដែលលោកទើបជ្រើសរើសថ្មី ក្នុងជួររដ្ឋាភិបាល។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៦ ខែមេសា បានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានខឹងសម្បាយ៉ាងខ្លាំង ចំពោះតំណាងរាស្ត្រមិនមកធ្វើការ ។
សមាជិកព្រឹទ្ឋសភាពគ្រប់គ្រង ដោយសំឡេងភាគច្រើនរបស់គណបក្ស សាធារណរដ្ឋ និងរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន តាំងពីខែមុនមកម៉្លេះ ក្រោយពេលអ្នកឯកទេសសុខាភិបាល ស្នើដល់ពលរដ្ឋឲ្យ នៅក្នុងផ្ទះ បញ្ចៀសការឆ្លងកូវីដ-១៩។ ទាំងសមាជិករដ្ឋសភា និងព្រឹទ្ធសភា ធ្វើការពីចម្ងាយ ទើប ធ្វើឲ្យលោក ត្រាំ ខឹងសម្បាយ៉ាងខ្លាំង ដោយមិនអាចអនុម័តបាន។
នៅក្នុងគ្រាមានអាសន្នបែបនេះ ទាំងរដ្ឋសភា និងព្រឹទ្ធសភា តែងតែមានកិច្ចប្រជុំ រយៈពេលខ្លី ដើម្បីអនុម័តគោលនយោបាយសំខាន់ៗ ដោយមិនមានការជជែកគ្នានោះឡើយ។ កិច្ចប្រជុំបែបនេះ គេហៅថា កិច្ចប្រជុំ «Pro Forma» ” គាំទ្រទម្រង់”។
បច្ចុប្បន្ន សភាអាមេរិក មិនបានផ្អាកធ្វើការនោះឡើយ ប៉ុន្តែតំណាងរាស្ត្រ មិនមកធ្វើការ ដោយសារតែកូវីដ-១៩។ កត្តាទាំងនោះហើយ បានធ្វើឲ្យលោក ត្រាំ ខឹងសម្បាយ៉ាងខ្លាំង ដោយលោកមិនអាចតែងតាំងតំណែងថ្មី ក្នុងរដ្ឋាភិបាលបាន៕ ប្រែសម្រួលដោយ៖MEO