ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងពិសេសសម្រាប់ជំងឺកូវីដ១៩ បានឈានដល់ដំណាក់កាលពិសោធន៍លើកទី២ ដែលត្រូវបាន អង្គការសុខភាពពិភពលោក WHO ប្រកាសថា ជាវ៉ាក់សាំងសម្រាប់ជំងឺកូវីដ១៩ តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលនេះ។ នេះបើតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។
ស្ថានស្ថានទូតចិនប្រចាំនៅកម្ពុជាបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២”។
តាមការផ្សាយរបស់សារព័ត៌មានស៊ីស៊ីថាម ក្រុមអ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដំបូងចំនួន៤នាក់កាលពីថ្ងៃទី៣១ខែមីនា បានបញ្ចប់នូវរយៈពេលតាមដានវេជ្ជសាស្ត្រ ហើយមានអង់ទីករប្រឆាំងមេរោគក្នុងខ្លួនមានសុខភាពល្អ និងបានចេញពីមន្ទីរពេទ្យហើយ។
អ្នកស្ម័គ្រចិត្ត ៤ នាក់ដំបូងដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ បានបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែកតាមដានវេជ្ជសាស្ត្រ។ ចំពោះអ្នកដែលទទួលការចាក់វាក់សាំងមុនគេបង្អស់ចំនួន១០នាក់ ក៏បានមកដល់រយៈពេល២៨ថ្ងៃផងដែរ ដែលពួកគេទាំងអស់សុទ្ធតែមានអង់ទីករប្រឆាំងមេរោគកូវីដ១៩ ៕ ដោយ៖ ប៊ុនធឿន