ប៉ូលិសប្រឆាំងភេរវកម្មអាល្លឺម៉ង់ បានចាប់ខ្លួនជនជាតិតាហ្ស៊ីគីស្ថាន ចំនួន៤នាក់ ដោយសារសង្ស័យ ពីការរៀបចំផែនការវាយប្រហារភេរវកម្មប្រឆាំងទៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ ។
សមាជិករបស់ក្រុមភេរវកម្មរដ្ឋអ៊ិស្លាមទាំងនេះ ត្រូវបានចាប់ខ្លួន នៅក្នុងការឆ្មក់របស់ប៉ូលិសកាលពីព្រឹកព្រលឹម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១០ នៅទីតាំងផ្សេងៗគ្នា ស្ថិតនៅភាគខាងជើង រដ្ឋ North Rhine-Westphalia របស់ប្រទេសអាល្លឺម៉ង់ ។ បើតាមប្រភពព័ត៌មានអាល្លឺម៉ង់ បានផ្សាយថា បុរសសង្ស័យទាំងនេះ សុទ្ធតែជាពលរដ្ឋតាហ្ស៊ីគីស្ថាន (Tajikistan) ដែលកំណត់អត្តសញ្ញាណដោយសង្ខេបហៅថា Azizjon B., Muhammadali G., Farhodshoh K. ហើយនិង Sunatullokh K.ប៉ុណ្ណោះ ។
មេខ្លោងរបស់ក្រុមនេះម្នាក់ ក៏ជាជនជាតិតាហ្ស៊ីគីស្ថានផងដែរ មានអាយុ៣០ឆ្នាំ ឈ្មោះ Ravsan B ហើយត្រូវប៉ូលិសចាប់ដាក់ពន្ធនាគារ រយៈពេល១២ខែ ពីបទប្រើប្រាស់អាវុធខុសច្បាប់ ។
រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានចោទប្រកាន់ថា បុរសទាំងនេះ បានស្បថស្មោះភក្តីភាពជាមួយក្រុមភេរវកម្ម IS កាលពីដើមឆ្នាំ២០១៩ ហើយបើតាមសេចក្តីរាយការណ៍ ក្រុមនេះ បានទាក់ទងជាមួយពួកឥស្សរជនជាន់ខ្ពស់ជាច្រើន ក្នុងជួរអង្គការភេរវកម្មដែលបែកខ្ញែកគ្នា ហើយមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរីនោះ ។
ប្រភពបន្តថា ក្រុមកោសិកាភេរវកម្មនេះ កំពុងរៀបផែនការវាយប្រហារនៅក្នុងប្រទេស តាហ្ស៊ីគីស្ថាន មុនពេលបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅលើប្រទេសអាល្លឺម៉ង់ ។ ក្រុមនេះក៏ត្រូវបានគេរាយការណ៍ដែរថា វាយប្រហារគោលដៅទៅលើអ្នកដែលរិះគន់អិស្លាមថែមទៀតផង ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាអាល្លឺម៉ង់បញ្ជាក់ថា «គោលដៅវាយប្រហារ ដែលបានរៀបចំ គឺមូលដ្ឋានកងកម្លាំងអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ឬសូម្បីតែទៅលើបុគ្គលផងដែរ» ។ ជាពិសេសពួកគេមានផែនការធ្វើឃាតទៅលើបុគ្គលដេលធ្វើអត្ថាធិប្បាយសាធារណៈ នៅពេលដែលពួកគេយល់ថា មានខ្លឹមសាររិះគន់ទៅលើអិស្លាម ។
ប្រភពបន្តថា ក្រុមទាំងនេះបានទិញបរិក្ខារនៅតាមអនឡាញដើម្បីផលិតឧបករណ៍ជាតិផ្ទុះ ។
ក្រុមនេះប្រមែប្រមូលប្រាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយផ្ទេរប្រាក់ទាំងនោះតាមរយៈបណ្តាញនៅក្នុងប្រទេសតួកគី ៕ ប្រែសម្រួលដោយ៖ thach yat