យោងតាមវើលដូម៉ែទ័រ បង្ហាញតួលេខ កាលពីរសៀលថ្ងៃទី១៥ ខែមេសា នេះ បានឲ្យដឹងថា បណ្ដាប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន មានអ្នកឆ្លងកូវីដ១៩ កើនឡើង រហូតដល់ ២១ ៥៦២នាក់ ក្នុងនោះស្លាប់៩៣៤នាក់ និងជាសះស្បើយកើនឡើងដល់ ៥៦៨២នាក់។
បើទោះជាកាលពីពេលកន្លងទៅថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន ចេញបទបញ្ជាយ៉ាងតឹងរឹងប្រឆាំងនឹងកូវីដ១៩ រហូតអនុញ្ញាតឲ្យប៉ូលិសបាញ់សម្លាប់ចោលទៅលើជនណាមួយបំពានធ្ងន់ធ្ងរលើច្បាប់ប្រឆាំងកូវីដ១៩ក្ដី តែរហូតមកដល់ពេលនេះ ហ្វីលីពីន ក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ ប៉ុន្ដែចំនួនអ្នកស្លាប់ច្រើនជាងគេវិញ គឺឥណ្ឌូនេស៊ី។
ប្រទេសហ្វីលីពីន មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៥២២៣នាក់ ក្នុងនោះស្លាប់៣៣៥នាក់ និងជាសះស្បើយចំនួន២៩៥នាក់។ ម៉ាឡេស៊ី មានអ្នកឆ្លង៤៩៨៧នាក់ ក្នុងនោះស្លាប់៨២នាក់ និងជាសះស្បើយ ចំនួន២៤៧៨នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើង ៤៨៣៩នាក់ ក្នុងនោះស្លាប់៤៥៩នាក់ និងជាសះស្បើយ៤២៦នាក់។
ប្រទេសសិង្ហបុរី មានអ្នកឆ្លងកើនឡើង ៣២៥២នាក់ ក្នុងនោះស្លាប់១០នាក់ និងជាសះស្បើយ ៦១១នាក់។ ប្រទេសថៃ មានអ្នកឆ្លងកើនឡើង២៦៤៣នាក់ ក្នុងនោះស្លាប់៤៣នាក់ និងជាសះស្បើយ១៤៩៧នាក់។
ប្រទេសវៀតណាម មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ២៦៧នាក់ ក្នុងនោះជាសះស្បើយ១៦៩នាក់។ ប្រទេសប៊្រុយណេ មានអ្នកឆ្លង១៣៦នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយចំនួន១០៧នាក់។
ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ ចំនួន៩៦នាក់។ ប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លងកើនឡើង៧៤នាក់ ក្នុងនោះស្លាប់៤នាក់ និងជាសះស្បើយ ២នាក់។ ប្រទេសឡាវ មានអ្នកឆ្លងចំនួន១៩នាក់ ក្នុងនោះជាសះស្បើយម្នាក់៕ ប្រែសម្រួលដោយ Nuon