ក្រោយមានរឿងអាស្រូវជាច្រើន តារាសម្ដែងល្បីឈ្មោះចិន Fan Bingbing ក៏ត្រឡប់ចូលសិល្បៈវិញ តែដំណើរការហាក់មិនសូវរលូនទេ ដូច្នេះនាងត្រូវពឹងផ្អែកលើការរកស៊ីដើម្បីចិញ្ចឹមជីវិត តែការរកស៊ីនេះក៏មិនងាយស្រួលសម្រាប់នាងដែរ។
ថ្មីៗនេះតារាសម្ដែងស្រីជួរមុខចិន Fan Bingbing បានបង្ហោះកម្រងរូបភាពហាត់ Yoga នៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយមិនមានផាត់មុខសោះ បង្អួតសម្រស់វ័យក្មេងទោះបីមានវ័យ៣៩ឆ្នាំហើយក៏ដោយ ដែលនេះជាការរកស៊ីលើវិថីគ្រឿងសម្អាងរបស់នាង។
បើតាមបណ្ដាញព័ត៌មាន Sina បានឲ្យដឹងថា ដោយសារតែរឿងអាស្រូវគេចពន្ធកាលពីឆ្នាំមុន ការត្រលប់មកវិស័យភាពយន្តរបស់ស្រីស្អាតរូបនេះនៅតែមានការពិបាកនៅឡើយ ព្រោះប្រជាប្រិភាពនាងធ្លាក់ចុះខ្លាំងមែនទែន។ បែបនេះហើយ ក្នុងពេលនេះនាងត្រូវពឹងផ្អែកលើមុខជំនួញថែរក្សាសម្រស់ដើម្បីរកចំណូល។
ប្រភពខាងលើក៏បានលើកឡើងដែរថា ដោយសារតែការរាលដាលនៃជំងឺកូវីដ១៩ ហាងកែសម្ផស្សរបស់តារាស្រីរូបនេះ បានបិទទ្វារអស់មួយខែហើយ។ ដោយចំណូលតែមួយគត់របស់នាងពេលនេះគឺលក់ផលិតផលថែរក្សាសម្រស់ដោយឡាយតាមអ៊ីនធឺណិត។ ដើម្បីមានអ្នកមើលច្រើន Fan Bingbing តែងអញ្ជើញតារាបណ្ដាញសង្គមល្បីៗជាច្រើនចូលរួមជាមួយខ្លួន ហើយថ្មីៗនេះ នាងបានទាក់ទងទៅតារាអនឡាញ Wei Ya ដែលជាមានអ្នកគាំទ្រច្រើនមកឡាយជាមួយខ្លួន។
ផ្ទុយស្រឡះពីការគិត តារាបណ្ដាញសង្គមខាងលើ បានបដិសេធការអញ្ជើញនេះ ទាំងកាលពីមុនធ្លាប់ហៅពេញៗមាត់ថា Fan Bingbing ជា Idol របស់ខ្លួន។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា Wei Ya មិនចង់ឡាយជាមួយ តារាកើតឆ្នាំ១៩៨១គឺមកពីខ្លាចរឿងអាស្រូវរបស់តារានេះ ប៉ះពាល់ដល់ខ្លួន៕
អត្ថបទ៖ ផេង ផលធិតា ប្រភព៖ Zing