បុរសអូស្ត្រាលីមួយរូប ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ បន្ទាប់ពីដឹកជញ្ជូនថ្នាំញៀន តម្លៃជាង១៦លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមប្រភពពីប៉ូលិសសហព័ន្ធអូស្ត្រាលី បញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។
បើតាមប្រភព បញ្ជាក់ថា គ្រឿងញៀនបានមកដល់ប្រទេសអូស្ត្រាលី ដោយបានដាក់បន្លំនៅក្នុងទូកុងតឺន័រដឹកឈើ ដែលមានទម្ងន់សរុប ៤៥,៦គីឡូក្រាម គិតជាតម្លៃ ប្រហែល ២៦,៤ លានដុល្លារអូស្ត្រាលី (ប្រហែល១៦,៩លានដុល្លារអាមេរិក) ។
បន្ទាប់ពីរកឃើញគ្រឿងញៀនទាំងនោះ កាលពីខែមិថុនា ឆ្នាំ២០១៦ រួចមក ប៉ូលិសក៏បានដាក់កញ្ចប់គ្រឿងញៀនក្លែងក្លាយ ចំនួន១០៧កញ្ចប់ ហើយអនុញ្ញាតឲ្យមានការដឹកបន្តទៅចែកចាយ នៅតាមគោលដៅដែលបានកំណត់ ដើម្បីទុកឲ្យប៉ូលិសតាមដានឃ្លាំមើល។
បន្ទាប់មកពីប៉ូលិសបានរកឃើញថា គ្រឿងញៀនក្លែងក្លាយរបស់ប៉ូលិសទាំងនោះ បានដឹកចូលទៅកាន់ទីតាំងរបស់បុរសម្នាក់ អាយុ៤៦ឆ្នាំ ដោយបុរសរូបនោះបានអះអាងថា គឺជាម្ចាស់នៃកញ្ចប់ទំនិញ (គ្រឿងញៀន) ទាំងនោះ ហើយប៉ូលិសក៏បានចាប់ខ្លួនគាត់តែម្តង ។
ទោះជាយ៉ាងណា បុរសម្នាក់នេះបានបដិសេធពាក់ព័ន្ធនឹងការដឹកជញ្ជូន ឬនាំចូលទំនិញគ្រឿងញៀនទាំងនោះ។ ប៉ុន្តែកាលពីសប្តាហ៍មុន តុលាការមួយ នៅ Western Australia បានរកឃើញទោសកំហុសរបស់បុរសនេះ ហើយបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ ។
ក្រៅពីបុរសខាងលើនេះ ការស៊ើបអង្កេតបន្ថែមទៀតរបស់ប៉ូលិសអូស្ត្រាលី ក៏បានរកឃើញបុរសម្នាក់ទៀត អាយុ២៩ឆ្នាំ នៅរដ្ឋវ៉ិចតូរៀ ជាអ្នកពាក់ព័ន្ធនឹងការរៀបចំដឹកជញ្ជូនគ្រឿងញៀនទាំងនោះ ។ បុរសម្នាក់នោះ អាយុ២៨ឆ្នាំ ហើយគាត់បានបដិសេធនៅក្នុងសវនាការថា មិនបានប្រព្រឹត្តអ្វីខុសច្បាប់នោះទេ ។ ប៉ុន្តែនៅឆ្នាំ២០១៨ រូបគេមានការពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ទើបតុលាការសម្រេចដាក់ពន្ធនាគារ រយៈពេល១៦ឆ្នាំ ផងដែរ៕ ប្រែសម្រួលដោយ៖ thach yat