ភ្នំពេញ៖ មុនពេលទិញទឹកអាល់កុល និងផលិតផលលាងដៃផ្សេងៗ ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ បង្ការទិញចំផលិតផលក្លែងក្លាយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។
ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូលកំពុងទទួលនូវការទន្ទ្រាន និងរាតត្បាតជាលក្ខណៈសកលនូវមេរោគដ៏កាចសាហាវកូវីដ១៩ ការប្រើប្រាស់ផលិតផលទឹកអាល់កុល ក៏ដូចជាផលិតផលលាងសម្អាតដៃ និងផលិតផលផ្សេងទៀត គឺជាវិធានការមួយក្នុងចំណោមវិធានការដ៏ចាំបាច់មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់នូវការឆ្លង និងរាតត្បាតនៃមេរោគកូវីដ១៩នេះ។ នេះបើយោងការលើកឡើងរបស់ក្រសួង។
ក្រសួងឧស្សាហកម្មបន្តបញ្ជាក់ថា តាមការអង្កេតនិងពិនិត្យ នៅលើទីផ្សារបច្ចុប្បន្ន ឃើញថា មានការផ្សព្វផ្សាយលក់ និងកំពុងចរាចរលក់ផលិតផលអាល់កុល ក៏ដូចផលិតផលលាងសម្អាតដៃ និងផលិតផលផ្សេងទៀត សម្រាប់ការពារ និងទប់ស្កាត់នូវការឆ្លងមេរោគកូវីដ១៩ ដោយពុំមានការត្រួតពិនិត្យគុណភាព និងគ្មានការចុះបញ្ជីផលិតផលច្បាស់លាស់ទៀតផង ។
ក្រសួងក៏បានអំពាវនាវថា ដើម្បីជៀសវាងនូវការបង់ខាតថវិកា និងផលប៉ះពាល់ដល់សុខភាព ក៏ដូចជាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងពិនិត្យឱ្យបានត្រឹមត្រូវមុនពេលធ្វើការទិញនូវផលិតផលទាំងនោះយកទៅប្រើប្រាស់៕ ដោយ៖ តារា