ក្រោយពេលវីរុសកូវីដ១៩ កំពុងរាតត្បាតយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ាន ក៏ដូចជា បណ្ដាប្រទេសនានា នៅលើពិភពលោកនោះមក នាយករដ្ឋមន្រ្ដីថៃ បានថ្លែងថា នៅលើពិភពលោកនេះ មិនមានប្រទេសណាមួយ អាចប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយជោគជ័យតែម្នាក់ឯងនោះឡើយ។
លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន តាមអនឡាញ ស្ដីពីការឆ្លើយតបនឹងវីរុសកូវីដ១៩ កាលពី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ មិនមានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីវីរុសកូវីដ១៩បានតែម្នាក់ឯងទេ។
លោកនាយករដ្ឋមន្រ្ដី បានបង្ហាញពីទស្សន:របស់លោកថា គ្រប់ភាគីទាំងអស់ ត្រូវតែរួបរួមគ្នាធ្វើការ ទើបអាចគ្រប់គ្រងស្ថានការណ៍ឆ្លងរីករាលដាល នៃកូវីដ១៩បាន។ ជាមួយគ្នានេះដែរ
នាយករដ្ឋមន្រ្តីថៃ បានស្នើនូវវិធីសាស្រ្តសំខាន់ៗជាអាទិ៍ថា អាស៊ានចាំបាច់ត្រូវប្រមូលថាមពល និថការខិតខំរបស់គ្រប់វិស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងលក្ខណៈរួមនេះ។
លោកនាយករដ្ឋមន្រ្ដី បានស្នើអាស៊ាន និងអាស៊ាន+3 រួមគ្នា បង្កើតមូលនិធិឆ្លើយតបនឹងកូវីដ១៩របស់អាស៊ាន ដោយរៀបចំឡើងវិញនូវថវិកាចំនួន១០ភាគរយ នៃមូលនិធិដែលមានស្រាប់ ពីមូលនិធិអភិវឌ្ឍន៍អាស៊ាន និងមូលនិធិសហប្រតិបត្តិការជាមួយចិន ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងអាស៊ាន+3 ឬមូលនិធិផ្សេងទៀត។ រីឯមូលនិធិនេះ នឹងត្រូវប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្ត ឧបករណ៍ការពារផ្ទាល់ខ្លួន និងឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាគាំទ្រដល់ ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំ និងវ៉ាក់សាំង ដើម្បីជួយអាស៊ានឱ្យមានលក្ខណ:ខ្លួនទីពឹងខ្លួន។
បើគិតមកដល់ថ្ងៃទី១៥ ខែមេសា នេះ ប្រទេសថៃមានអ្នកឆ្លង២៦១៣នាក់ ក្នុងនោះស្លាប់៤១នាក់ និងជាសះស្បើយ១៤០៥នាក់។ សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាននេះ ធ្វើជាប្រធានដោយលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដីវៀតណាម ហើយកិច្ចប្រជុំកំពូលនេះធ្វើឡើងតាមអនឡាញ៕ ប្រែសម្រួលដោយ Nuon