ចម្រៀងមួយបទរៀបរាប់ពីការឃ្លាតឆ្ងាយរបស់គ្រួសារពេទ្យមួយ កំពុងធ្វើឲ្យអ្នកស្ដាប់រំជួលចិត្ត
ពេលដែលប្រទេសកំពុងជួបវិបត្តិព្រោះជំងឹឆ្លងកូវីដ១៩ អ្វីដែលចាំបាច់គឺត្រូវការគ្រូពេទ្យដើម្បីឈរជាជំហរក្នុងការថែទាំ និងព្យាបាលអ្នកជងឺ។ ខណៈនេះចម្រៀងមួយបទ មានចំណងជើងថា “ឃ្លាតបងព្រោះ កូវីដ១៩” ដែលនិពន្ធដោយលោកគ្រូពេទ្យម្នាក់ ហើយបកស្រាយដោយអ្នកគ្រូពេទ្យម្នាក់ទៀតកំពុងធ្វើឲ្យអ្នកស្ដាប់រំជួលចិត្តជាខ្លាំង ដែលបទនេះមានខ្លឹមសារលាតត្រដាងពីមនោសញ្ចេតនារបស់ភរិយា ដែលមានស្វាមីជាពេទ្យត្រូវយកជីវិតទៅប្រថុយជាមួយជំងឺកំណាច ព្រោះមិនអាចទម្លាក់ចោលភារកិច្ចគ្រូពេទ្យបាន។
ដូចដែលយើងឃើញស្រាប់ជំងឺកូវីដ១៩ បានធ្វើឲ្យមនុស្សឆ្ងាយគ្នា ទោះបីជាចង់ឬមិនចង់ក៏ដោយ។ ជាក់ស្ដែងក្នុងពេលជំងឺនេះកំពុងរាតត្បាត អ្នកជំងឺ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ឆ្ងាយពីសាច់ញាតិទាំងអស់ព្រោះមិនអាចអនុញ្ញតិឲ្យនៅជិតគ្នាឡើយ។ ដោយឡែកគ្រូពេទ្យ ក៏ត្រូវបង្ខំចិត្តឃ្លាតឆ្ងាយពីគ្រួសារ តម្រូវតាមវិជ្ជាជីវៈ ដោយមិនអាចទុកអ្នកជំងឺចោល ហើយសម្ងំសុខតែខ្លួនឯងបាននោះទេ។
ដោយក្ដីនឹករលឹកគ្នា និងមិនចង់ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់នោះ ទើបថ្មីៗនេះ ក្រសួងបានបញ្ចេញបទចម្រៀងមួយបទខាងលើ ឆ្លុះបញ្ចាំងពីស្ថានភាពក្រុមគ្រួសារពេទ្យនៅក្នុងសម័យកូវីដ១៩។
បទ “ឃ្លាតបងព្រោះ កូវីដ១៩” និពន្ធដោយលោកវេជ្ជបណ្ឌិត នូ ចន្ទ្រា គ្រូពេទ្យជួរមុខកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ចល័តគ្នានៅមណ្ឌលសុខភាពចាក់អង្រែក្រោម យកលំនាំតាមបទ “ដួងច័ន្ទប្រឹងរះ” ។ បទនេះ បកស្រាយដោយ លោកស្រី ស៊ុយ សីម៉ា ជាអ្នកគ្រូពេទ្យឆ្មប ធ្វើការប្រចាំនៅ មណ្ឌលសុខភាពចាក់អង្រែក្រោមនៅក្នុងក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕