បណ្តាញផ្សព្វផ្សាយព័ត៌មានបារាំង france24 បានផ្សាយ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថា ក្នុងរយៈពេល២៤ម៉ោង នៅក្នុងប្រទេសនេះ អ្នកជំងឺ COVID-19 បានបាត់បង់ជីវិត រហូតដល់៧៦២នាក់ ហើយនេះគឺជារឿងគួរឲ្យសង្វេគ និងខ្លោចផ្សាចិត្តខ្លាំងណាស់។
ប្រភពបន្តថា លោក Jerome Salomon ជាមន្ត្រីសុខាភិបាលបារាំង បានថ្លែង កាលពីថ្ងៃទី១៤ ខែមេសាថា ដូច្នេះជនរងគ្រោះដែលបានបាត់បង់ជីវិត កើនឡើង សរុប ១៥ ៧២៩ នាក់។ ចំណែកអ្នកផ្ទុកវីរុស COVID-19 វិញ កើនឡើងជាង ១០០ ០០០ករណី ។ ប៉ុន្តែបែបណាក៏ដោយ លោកអះអាងថា អ្នកជំងឺដែលស្ថិតក្នុងការសង្គ្រោះបន្ទាន់ បានធ្លាក់ចុះជាបន្តបន្ទាប់៦ថ្ងៃជាប់គ្នា គឺមានតែ៩១ករណី ប្រៀបធៀប កាលពីពេលមុន មានរហូតដល់៦ ៧៣០នាក់ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបារាំង បានបន្តចាក់សោ ឬបិទប្រទេស រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ជាវិធានការទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុស COVID-19 ។
កាលពីថ្ងៃទី១៣ ខែមេសា ប្រធានាធិបតីបារាំង បានប្រកាសបន្តចាក់សោ ឬបិទប្រទេស រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ហើយនៅបន្ទាប់ពីថ្ងៃនេះ នឹងមានការបន្ធូរបន្ថយខ្លះ។ លោកបានថ្លែងថា ស្ថានការណ៍រាតត្បាត នៃជំងឺ COVID-19 នៅបារាំងបាននិងកំពុងចាប់ផ្តើមមានស្ថិរភាពហើយ ។
តាមការបញ្ជាក់ផ្លូវការរបស់បារាំង ស្តីពីអ្នកជំងឺ COVID-19 មានសរុប ១០៣ ៥៧៣ នាក់។ ប៉ុន្តែក្រុមមន្រ្តីជឿជាក់ថា តួលេខមានច្រើនជាងនេះ ដោយអាស្រ័យថា អ្នកខ្លះមិនបានធ្វើតេស្តនោះឡើយ។
គួរលើកមកជម្រាបជូនផងដែរថា បើគិតមកត្រឹម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ប្រភពព័ត៌មាន Wikipedia ផ្សាយថា អ្នកផ្ទុកវីរុស COVID-19 នៅជុំវិញពិភពលោក កើនឡើង ១ ៩៧៩ ៤៧៧ នាក់ ក្នុងនោះបាត់បង់ជីវិតកើន ១២៦ ៥៣៩នាក់ និង ៤៨៥ ៦៧៤នាក់ បានជាសះស្បើយ បើទោះជាមិនទាន់មានថ្នាំព្យាបាល ឬវាក់សាំងបង្ការជាក់លាក់យ៉ាងណាក៏ដោយ៕ ប្រែសម្រួលដោយ៖ thach yat