Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកកាត់ជំនួយ WHO ហើយអរគុណ​ប្រធានាធិបតី ស៊ី ជីនពីង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានណែនាំរដ្ឋបាលរបស់លោក ឱ្យបញ្ឈប់ការផ្តល់​មូលនិធិ​ដល់​អង្គការ​សុខភាពពិភពលោក (WHO) ។ នេះបើតាមប្រភពប៊ីប៊ីស៊ី ផ្សាយ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។ 

លោក​បានថ្លែងថា អង្គការសុខភាពពិភពលោក “បានបរាជ័យក្នុងកាតព្វកិច្ចជាមូលដ្ឋាន” ក្នុងការឆ្លើយតបរបស់ខ្លួន ចំពោះការផ្ទុះឡើង នៃវីរុស COVID-19 នេះ ។

លោកបានចោទប្រកាន់ស្ថាប័ន WHO ពីបទអនុវត្តមិនបានត្រឹមត្រូវ និងបិទបាំងការរីករាលដាល នៃមេរោគ បន្ទាប់ពីវាបានលេចឡើង នៅក្នុងប្រទេសចិន ហើយបានថ្លែងថា អង្គការ WHO គឺជាអ្នកត្រូវតែទទួលខុសត្រូវ ។

កន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់អង្គការសុខភាពពិភពលោកថា មានភាពលម្អៀង​ទៅរកប្រទេសចិនផងដែរ ។

ប្រធានាធិបតីអាមេរិកផ្ទាល់ នៅសហរដ្ឋអាមេរិក បានរងការរិះគន់យ៉ាងខ្លាំង អំពីការគ្រប់គ្រងរបស់គាត់ ចំពោះការផ្ទុះឡើង និង​ឆ្លងរាលដាល នៃវីរុស COVID-19 នៅលើទឹកដីអាមេរិក។ នៅអាមេរិក បើគិតមកត្រឹមថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២០ គឺ Wikipedia បានបញ្ជាក់ថា មានអ្នកឆ្លង ៦១២ ៣៨០ នាក់ ក្នុងនោះបាត់បង់ជីវិត ២៥ ៩៤៩​នាក់ ។ ប៉ុន្តែ​៤៨ ០៣៦នាក់ បានជាសះស្បើយវិញ។ 

លោក Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមានថា «ខ្ញុំកំពុងដឹកនាំរដ្ឋបាលរបស់ខ្ញុំ បញ្ជាឱ្យបញ្ឈប់ការផ្តល់មូលនិធិ ខណៈការពិនិត្យឡើងវិញ ត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃតួនាទីរបស់អង្គការសុខភាពពិភពលោក អំពីការគ្រប់គ្រងមិនបានត្រឹមត្រូវ និង​មិនគ្រប​ដណ្តប់​អំពីការរីករាលដាល នៃវីរុសនេះ»។

លោកបានបន្ថែមថា “អង្គការសុខភាពពិភពលោកបានបរាជ័យក្នុងកាតព្វកិច្ចមូលដ្ឋានរបស់ខ្លួន ហើយអង្គការនេះត្រូវតែទទួលខុសត្រូវ” ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតតែមួយរបស់អង្គការសុខភាពពិភពលោក ដោយផ្តល់ថវិកា ចំនួន ៤០០ លាន​ដុល្លារអាមេរិក កាលពីឆ្នាំមុន។

លោកប្រធានាធិបតី បានថ្លែងថា “ជាមួយនឹងការផ្ទុះឡើង នៃវីរុស Covid-19 រាតត្បាត យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា តើ​សប្បុរសធម៌​របស់​អាមេរិក ត្រូវបានគេយកទៅប្រើប្រាស់បានល្អបំផុតដែរឬទេ?” ។

លោកប្រធានាធិបតី ត្រាំ បានចោទប្រកាន់អង្គការសុខភាពពិភពលោក ពីការមិនបានវាយតម្លៃត្រឹមត្រូវនូវការផ្ទុះឡើង នៃជំងឺ COVID-19នេះ នៅពេលដែលវីរុសបានលេចឡងជាលើកដំបូង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ។

លោកបានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអង្គការសុខភាពពិភពលោក បានបំពេញការងាររបស់ខ្លួន នាំយកអ្នកជំនាញ​វេជ្ជសាស្ត្រ​ចូលទៅកាន់ប្រទេសចិន ដើម្បីវាយតម្លៃអំពីស្ថានភាពជាក់ស្តែង នៅនឹងកន្លែង ម្ល៉េះការផ្ទុះឡើង នៃជំងឺនេះ អាចគ្រប់គ្រងបាន និងមិន​បណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើនបំផុតបែបនេះឡើយ” ។

លោកប្រធានាធិបតី បានបន្តថា “បញ្ហានេះអាចជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងចៀសវាងការខូចខាតសេដ្ឋកិច្ច នៅទូទាំងពិភព​លោក ។ ផ្ទុយទៅវិញ អង្គការសុខភាពពិភពលោក សុខចិត្តទទួលយកការធានារបស់ចិន ដើម្បីប្រឈមនឹងគុណតម្លៃ និងការពារ​សកម្មភាព​របស់រដ្ឋាភិបាលចិន” ។

ទោះយ៉ាងណា នៅលើបណ្តាញសង្គម Tweet លោកប្រធានាធិបតី ត្រាំ បាន​កោតសរសើរ​ចំពោះ​ប្រទេសចិន ដែលបានខឹតខំ​យ៉ាង​ពេញសមត្ថភាព​​​​ រហូតគ្រប់គ្រង​ការឆ្លងរាតត្បាត​ នៃវីរុសដ៏កាចសាហាវនេះ។ លោកបានថ្លែងថា សហរដ្ឋអាមេរិក​សូមកោតសរសើរ​យ៉ាងខ្លាំង ​ចំពោះ​ការខិតខំរបស់ចិន។ ការងារគ្រប់យ៉ាង​នឹងបានល្អប្រសើរ ។ ជាពិសេស​ ក្នុង​នាមប្រជាជនអាមេរិក ខ្ញុំ​សូម​អរគុណដល់​ប្រធានាធិបតីចិន​ លោក ស៊ី ជីនពីង ផងដែរ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9135580