កាលពីព្រលប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះអាជ្ញាធរស្រុកកំពង់សីលា បានធ្វើការឃាត់ខ្លួនពលរដ្ឋជាកម្មករតាមកសិដ្ឋាន ចំនួន ៤៨នាក់ (ស្រី ១៧នាក់) ដែលបន្លំខ្លួនជិះក្នុងរថយន្តដឹកទំនិញធុនធំមួយគ្រឿងធ្វើការដំណើរមកពីខេត្តកំពង់ស្ពឺ បម្រុងនឹងឆ្លងចូលទៅកាន់ខេត្តកោះកុង។
បើតាមការឱ្យដឹងពីមន្ត្រីរដ្ឋបាលសាលាស្រុកកំពង់សីលា បានឱ្យដឹងថា រថយន្តដែលធ្វើការឃាត់បាននេះជាប្រភេទរថយន្តធុនធំ ធ្វើដំណើរចេញពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ ខេត្តកោះកុង រហូតមកដល់ចំណុចប្រចាំការត្រង់គីឡូម៉ែត្រលេខ១៤១ ផ្លូវបំបែកស្រែអំបិល ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទើបធ្វើការឃាត់បាន។
ក្រោយសមត្ថកិច្ចឃាត់សួរនាំរួចមក ក៏បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋយល់ដឹងពីអ្វីដែលជាវិធានការហាមឃាត់ក្នុងការធ្វើដំណើរឆ្លងខេត្តក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីការពារមិនឱ្យមានការឆ្លងនូវជំងឺកូវីដ ១៩។
បច្ចុប្បន្នកម្មករទាំង ៤៨នាក់ ខាងលើត្រូវបានសមត្ថកិច្ចនាំត្រឡប់ទៅកាន់គោលដៅដើម ស្ថិតក្នុងខេត្តកំពង់ស្ពឺវិញហើយនៅក្នុងថ្ងៃដដែលនោះ៕ ដោយ ៖ សុង យូ