រដ្ឋាភិបាលអូទ្រីសបានអនុញ្ញាតឲ្យក្រុមហ៊ុន ហាងលក់ទំនិញផ្សេងៗ នៅក្នុងប្រទេសនេះ បើកទ្វារដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ នៅថ្ងៃទី១៤ ខែមេសា ។ ប៉ុន្តែរដ្ឋាភិបាល បានស្នើដល់ពលរដ្ឋ ត្រូវមានវិធានការការពារខ្លួនជាប់ជានិច្ច បញ្ចៀសការឆ្លងកូវីដ-១៩។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៤ ខែមេសា បានផ្សាយថា កាលពី៤សប្តាហ៍កន្លងមក ក្រោយវីរុសកូវីដ-19 ឆ្លងរាតត្បាតនោះមក រដ្ឋាភិបាលអូទ្រីសបានបិទប្រទេសទាំងមូល រួម ទាំងក្លឹបកម្សាន្ត ភោជនីយដ្ឋាន ហាងលក់ទំនិញនានា នៅទូទាំងប្រទេស។ រដ្ឋាភិបាលអូទ្រីស បានហាមប្រាមពលរដ្ឋមិនឲ្យចេញពីផ្ទះឡើយ ដោយត្រូវធ្វើការតាមអនឡាញពីចម្ងាយ។
ដោយសារការសម្រេចបិទប្រទេសទាន់ពេលវេលា ទើបជួយឲ្យប្រទេសអូទ្រីស អាចទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ បានយ៉ាងល្អបំផុត នៅក្នុងតំបន់អឺរ៉ុប។ រហូតមកទល់ពេលនេះ អូទ្រីសមានអ្នកស្លាប់ដោយកូវីដ១៩ ត្រឹមតែ៣៦៨នាក់ប៉ុណ្ណោះគឺតិចជាងប្រទេសនានា ក្នុងតំបន់។
នាយករដ្ឋមន្ត្រីអូទ្រីស លោក Sebastian Kurz បានបញ្ជាក់ថា «អំពីបញ្ហាសេដ្ឋកិច្ច យើងនឹងឆ្លងផុតវិបត្តិនេះយ៉ាងឆាប់បំផុត»។
ជាមួយគ្នានេះដែរ ប្រទេសជាច្រើន ក្នុងតំបន់អឺរ៉ុប ក៏មានគម្រោងដំណើរការសេដ្ឋកិច្ចឡើងវិញ នៅក្នុងប្រទេសរបស់ខ្លួន ហើយលុបច្បាប់បម្រាមគោចរ បន្ទាប់ពីចំនួនអ្នកឆ្លង និងស្លាប់ដោយ កូវីដ១៩ធ្លាក់ចុះខ្លាំង៕ ប្រែសម្រួលដោយ៖MEO