ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុនត្នោត បាននាំយកអំណោយជាម៉ាស់ជាង ២០ ០០០ម៉ាស់ ទៅផ្ដល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។
គួបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុនត្នោត បានផ្ដល់ជាអំណោយ ដោយនាពេលកន្លងមក ក្រុមហ៊ុនត្នោត តែងតែចុះចែកអំណោយជា ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃជាដើម ជូនដល់បងប្អូន អ្នករត់កង់បី អ្នករត់ម៉ូតូឌុប អ្នកធាក់ស៊ីក្លូ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដើម្បីសម្រួលបន្ទុកពួកគាត់ ក្នុងគ្រាមានអាសន្នបែនេះ។
ក្នុងឱកាសផ្ដល់អំណោយនេះ លោក សៀក វិចិត្រ អគ្គនាយកដ្ឋានរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងអំណរអរគុណយ៉ាងជ្រាជ្រៅដល់ក្រុមហ៊ុនត្នោត ដែលជានិច្ចជាកាលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសគ្រាមានវិបត្តិបែបនេះ ដែលកម្ពុជា ត្រូវការទាំងវិស័យរដ្ឋ និងឯកជន ចូលរួមសហការជាមួយគ្នាជាធ្លោងមួយ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលឆ្លងវីរុសកូវីដ១៩ ដ៏កាចសាហាវនេះ។
លោក សៀក វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដោយត្រូវអនុវត្តនវិធីចំបាច់មួយចំនួនដូចជា ការលាងដៃជាមួយសារប៊ូឱ្យញឹកញាប់ ឬជាមួយទឹកអាល់កុល និងជែលលាងដៃ ជាដើម ហើយប្រសិនបើបងប្អូនចេញទៅណាមកណាត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងមិនជៀសវាងការនៅផ្ដុំគ្នា។
ជាមួយគ្នានេះ ក្រុមហ៊ុនត្នោតសង្ឃឹមថា ម៉ាស់ជាង ២ម៉ឺននេះ នឹងអាចចូលរួមមួយចំណែកតូច ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរួមដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា កម្ចាត់មេរោគនេះឱ្យរលាយបាត់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ក្រុមហ៊ុនត្នោត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការគ្នា ក្នុងការផ្លាស់ប្ដូរព័ត៌មានជាមួយនឹងគ្នា ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយព័ត៌មានពិតច្បាស់ការជូនប្រជាពលរដ្ឋខ្មែរ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ៕ ដោយ៖ តារា