ការចាក់សោ ឬបិទប្រទេសនៅឥណ្ឌា គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុស COVID-19 នោះ ត្រូវបាននាយករដ្ឋមន្ត្រី លោក ណារ៉ែនដ្រា ម៉ូឌី ប្រកាសបន្ថែមពេលវេលា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ។
នាយករដ្ឋមន្ត្រីប្រទេសនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន នៅក្នុងអំឡុងពេលស្ថិតនៅដំណាក់កាល នៃការបិទប្រទេសនេះ ។
ប្រភពព័ត៌មាន Independent បានផ្សាយថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ គឺជាថ្ងៃគម្រប់ទី២១ ដែលឥណ្ឌាបានប្រកាសចាក់សោ ឬបិទប្រទេស រយៈពេល៣សប្តាហ៍កន្លងមក។ ការបិទប្រទេសនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទាំងមូល នៅឥណ្ឌា ។
កាលពីព្រឹកម៉ោង១០ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ (ពេលវេលានៅឥណ្ឌា) លោក ម៉ូឌី បានថ្លែងថា តាមទស្សនៈសេដ្ឋកិច្ច យើងបានចំណាយប្រាក់យ៉ាងច្រើន។ ប៉ុន្តែអាយុជីវិតរស់នៅរបស់ប្រជាជនឥណ្ឌា គឺមានតម្លៃជាងនេះឆ្ងាយណាស់។
លោក ម៉ូឌី បានបន្តថា ការចាក់សោ ឬបិទប្រទេស គឺចាប់ពីពេលនេះ រហូតដល់សប្តាហ៍ក្រោយទៀត ហើយពេលនោះ តំបន់ណាដែលមិនមានភស្តុតាងថាវីរុស COVID-19 ឆ្លងរាតត្បាត តំបន់នោះនឹងត្រូវបានអនុញ្ញាតឲ្យបើកសោ ឬឲ្យមានចលនាប្រជាជនឡើងវិញ។
លោក ម៉ូឌី បានអំពាវនាវឲ្យប្រជាជនទាំងអស់អត់ធ្មត់ ហើយគោរព និងអនុវត្តវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នេះ ។ លោកក៏បានអរគុណដល់ «អ្នកប្រយុទ្ធជាមួយវីរុស» គឺបុគ្គលិកពេទ្យដែលជាអ្នកនៅជួរមុខគេតទល់ជាមួយ COVID-19 នេះ ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលប្រទេសឥណ្ឌាអះអាងថា មកទល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឥណ្ឌាមានអ្នកឆ្លងCOVID-19 ចំនួនជាង៩ ០០០ នាក់ ក្នុងនោះបាត់បង់ជីវិតជាង ៣៣៩នាក់ ។
នាយករដ្ឋមន្ត្រីឥណ្ឌាថា ចំនួននៃការឆ្លងគឺតិចតួច ដោយសារតែពលរដ្ឋបានចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ការការឆ្លងរាតត្បាតបានល្អប្រសើរ។ បើសិនមិនមានការចូលរួមពីប្រជាពលរដ្ឋឥណ្ឌានោះទេ ម្ល៉េះអ្នកផ្ទុកវីរុស និងបាត់បង់ជីវិត គឺច្រើនជាងនេះឆ្ងាយណាស់៕ ប្រែសម្រួលដោយ៖ thach yat