ភ្នំពេញ៖ យើងត្រូវជៀសវាងការរើសអើសពូជសាសន៍ និងការប្រកាន់ជំហរស្តីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូលកំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីកូវីដ១៩ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង២២០០ នាក់ចូលចត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ កម្ពុជាមិនត្រឹមតែបាន និងកំពុងជួយព្យាបាលពរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានព្យាបាលទាំងជនបរទេស រួមមានឥណ្ឌូនេស៊ី២ នាក់ ម៉ាឡេស៊ី១៣នាក់ ចិន១នាក់ អង់គ្លេស៥នាក់ បារាំង៤០នាក់ កាណាដា១នាក់ ប៊ែលហ្សិក១នាក់ និងអាមេរិកកាំង២នាក់ ដោយមិនគិតថ្លៃនៅកម្ពុជា។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំអាស៊ាន សម្តេចតេជោថា យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ជាពិសេសប្រជាជនអាស៊ានដែលជាប់គាំងដំណើរ ឬរងគ្រោះដោយជំងឺកូវីដ១៩។ ក្នុងន័យនេះសម្តេចបានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ដែលបានសហការជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាដែលជាប់គាំងដំណើរតាមផ្លូវ និង នៅតាមព្រលានយន្តហោះមួយចំនួនកន្លងមក។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានសម្របសម្រួលឲ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលពលរដ្ឋដែលជាប់គាំងនៅកម្ពុជាចំនួន១១១នាក់។
បើតាមសម្តេចតេជោ អាស៊ានជាសហគមន៍មានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួលនិង កិច្ចសន្ទនាឲ្យកាន់តែជិតស្និទ្ធចំពោះការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម នៅក្នុងតំបន់ ដូជាការចាត់វិធានការ ជាឯកតោភាគីជាអាទិ៍ ការបិទច្រកឆ្លងកាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់ផលិតកម្ម និងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូលជាពិសេស ការធ្វើដំណើរ ការប្រកបមុខរបរ ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋជិតខាងផងគ្នា ក្នុងតំបន់អាស៊ាន៕ ដោយ៖ ប៊ុនធឿន