បើតាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins បានប្រកាស នៅព្រឹកថ្ងៃទី១៤ ខែមេសា ថា នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ-១៩ ជាង២លាននាក់ និងស្លាប់ជាង១១៩ពាន់នាក់។
ក្នុងរយៈពេលជាង៤ខែកន្លងមក ចាប់តាំងពីការផ្ទុះកូវីដដំបូងគេ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន កាលពីចុងខែធ្នូឆ្នាំ២០១៩ រហូតមកដល់ពេលនេះ វាបានរាលដាលជាង២០០ប្រទេស និងដែនដី។ ពលរដ្ឋរហូតដល់ជាង២លានាក់ បានឆ្លងវីរុសនេះ។ ចំណែកអ្នកស្លាប់នៅលើពិភពលោក ក៏កើនឡើងដល់ជាង១១៩ពាន់នាក់ផងដែរ ហើយអាមេរិក ជាប្រទេសនាំមុខគេ មានអ្នកឆ្លងដល់ជាង៦៨០ពាន់នាក់ និង ស្លាប់ជាង២៣ពាន់នាក់ ។
ប៉ុន្តែបើទោះជាមានអ្នកឆ្លង និងស្លាប់ច្រើនក្តី តែរហូតមកដល់ពេលនេះស្ថានភាពនៃការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ មានល្អប្រសើរបន្ដិច នៅក្នុងតំបន់អឺរ៉ុបដោយមានអ្នកឆ្លង និងស្លាប់ស្លាក់ចុះ។ អឺរ៉ុប ក៏ដូចជារដ្ឋមួយចំនួន នៅអាមេរិក បានលើកគម្រោងដំណើរការសេដ្ឋកិច្ចឡើងវិញ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបញ្ជាក់ថា បារាំងនឹងពន្យារពេលដាក់ប្រទេស ក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី១១ ខែឧសភា ។ លោក ម៉ាក្រុង បន្តទៀតថា បច្ចុប្បន្នស្ថានភាពល្អប្រសើរជាងមុនបន្ដិចហើយ ប៉ុន្តែសង្គ្រាមប្រឆាំងនឹងកូវីដ នៅមិនទាន់បញ្ចប់នៅឡើយដែរ។
ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ ក៏កំពុងតែខិតខំប្រឹងប្រែង ដើម្បីផលិតវ៉ាក់សាំង ប្រឆាំងនឹងកូវីដ-១៩ ហើយនៅពេលក៏កំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បង។ រីឯវ៉ាក់សាំងទាំងនោះអាចប្រើប្រាស់បាន នៅដើមឆ្នាំ២០២១៕ ប្រែសម្រួលដោយ៖ MEO