នាវិកលើនាវាផ្ទុកយន្តហោះអាមេរិកដំបូងគេ ស្លាប់ដោយសារ COVID-19 ខណៈទូទាំងប្រទេសបាត់បង់ជីវិតកើន ២៣ ៥៧៧នាក់
នាវិកមួយរូប នៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt របស់អាមេរិក ដំបូងគេបានបាត់បង់ជីវិត ដោយសារតែវីរុស COVID-19 ។ នេះបើតាមការប្រកាសរបស់កងកម្លាំងជើងទឹកអាមេរិក កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
ប្រភព Sputnik ផ្សាយថ្ងៃទី១៤ ខែមេសាថា នាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិកមួយគ្រឿងនេះ មានអ្នកឆ្លងវីរុស COVID-19 ប្រហែល៦០០នាក់ ហើយកំពុងតែតស៊ូប្រឆាំងអំពីថាតើធ្វើយ៉ាងម៉េច ដើម្បីការពារនាវិកប្រហែល៤ពាន់នាក់ផ្សេងទៀត គេចឲ្យផុតពីការឆ្លងវីរុស។ ការលើកឡើងនេះក្លាយជាចំណុចពិភាក្សាថ្នាក់ជាតិផងដែរ ។
ប្រភព USNI News បានដកស្រង់សេចក្តីប្រកាសរបស់កម្លាំងជើងទឹកអាមេរិក ផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា ការថែទាំវេជ្ជសាស្ត្រជាប្រចាំថ្ងៃទៅលើនាវិករូបនោះ ចាប់ផ្តើមលែងមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី៩ ខែមេសា ។
ប្រភព The Wall Street Journal បានផ្សាយថា នាវិករូបនោះ មានឋានៈតូចតាចនោះទេ ហើយមានអាយុប្រហែល៤០ឆ្នាំ ត្រូវបានប្រកាសថា ទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅមន្ទីរពេទ្យយោធាជើងទឹក Guam ។
គួរបញ្ជាក់ថា នៅលើនាវាផ្ទុកយន្តហោះអាមេរិក៣គ្រឿងផ្សេងទៀត ត្រូវបានរាយការណ៍ថា មាននាវិកឆ្លងវីរុស COVID-19 ផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនបណ្តាលឲ្យបាត់បង់ជីវិតនោះទេ ។ នាវាផ្ទុកយន្តហោះ USS Ronald Reagan នៅទីក្រុង Yokosuka ប្រទេសជប៉ុន និងនាវាផ្ទុកយន្តហោះ USS Carl Vinson នៅទីក្រុង Bremerton រដ្ឋវ៉ាស៊ីនតោន ។ នាវាផ្ទុកយន្តហោះ USS Nimitz ក៏កំពុងស្ថិតនៅទីក្រុង Bremerton ផងដែរ ហើយកំពុងរៀបចំចូលចត នៅចុងខែនេះ ។
គិតរហូតមកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅលើទឹកដីអាមេរិកទាំងមូល មានករណីឆ្លងវីរុស COVID-19 សរុប ៥៨៥ ៩០៩ នាក់ ក្នុងនោះបាត់បង់ជីវិត ២៣ ៥៧៧នាក់ និង ៤៣ ៥៩៣នាក់ បានជាសះស្បើយ ។ នេះបើតាមប្រភព wikipedia ៕ ប្រែសម្រួលដោយ៖ thach yat