ក្រុមហ៊ុនត្នោត ផ្ដល់ម៉ាស់ជាង២ម៉ឺន ជូនគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងកូវីដ១៩
ភ្នំពេញ៖ ក្រុមហ៊ុនត្នោត បានយកម៉ាស់ជាង ២ម៉ឺនម៉ាស់ ទៅផ្ដល់ឱ្យគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។
នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមហ៊ុនត្នោត បានពាំនាំអំណោយជាម៉ាស់មួយចំនួន យកទៅជូនគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតវីរុសកូវីដ១៩ ដែលកំពុងគំរាមគំហែងខ្លាំងដល់ពិភពលោក ខណៈព្រះរាជាណាចក្រកម្ពុជា ក៏បានរងគ្រោះមួយចំនួនផងដែរ។
ម៉ាស់ជាង ២ម៉ឺននេះ ក្រុមហ៊ុនត្នោតសង្ឃឹមថា នឹងអាចចូលរួមមួយចំណែកតូច ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរួមដៃជាមួយក្រសួងសុខាភិបាល កម្ចាត់មេរោគនេះឱ្យរលាយបាត់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ក្រុមហ៊ុនត្នោត និងគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការគ្នា ក្នុងការផ្លាស់ប្ដូរព័ត៌មានជាមួយនឹងគ្នា ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយព័ត៌មានពិតច្បាស់ការជូនប្រជាពលរដ្ឋខ្មែរ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ៕ ដោយ៖ តារា