Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្មានអ្វីអាចរំខានអ្នកបានទៀតទេ! បីជំហានដើម្បីផ្ចង់អារម្មណ៍ធ្វើការ ឬរៀននៅផ្ទះបានដោយខ្លួនឯង!

ក្រោយពីអានអត្ថបទមុនដែលមានរាយសកម្មភាព និងធនធានមានប្រយោជន៍ សំរាប់អ្នកជាប់នៅផ្ទះដោយសារកូវីដ ១៩ ក្រោយមក អ្នកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង! អ្នកថែមទាំង ខំប្រឹងរៀបចំផែនការប្រចាំថ្ងៃ ថាចង់រៀនឲ្យបានបួនម៉ោងក្នុងមួយថ្ងៃ ហើយមានម៉ោងសំរាក មានម៉ោងកំសាន្ត និងហាត់ប្រាណមិនចេះខ្វះទៀតផង។

ស្អែកមកដល់ នាឡិការដើរដល់ម៉ោង ៩ ព្រឹក ដែលជាម៉ោងអ្នកគួរចាប់ផ្តើមរៀនហើយ! អ្នកក៏ស្រវាខំបើកទូរស័ព្ទ ស្តាប់គ្រូពន្យល់ តែបានតែ ១៥ នាទីសោះ ក៏លោតសារក្រាស់អ្នកផ្ញើមកប៉ក់ៗ! មិនអីទេ គ្រាន់តែសារមួយសោះ ឆ្លើយសិនទៅសឹមរៀនទៀត។ តែសារមួយ នាំឲ្យមានសារតបមួយទៀត តបទៅតបមក ដល់ពេលល្ងាចបាត់! មួយថ្ងៃទៀតហើយ ដែលអ្នកមិនបានធ្វើតាមការរំពឹងទុករបស់ខ្លួន… 

អ្នកណាក៏ដោយ ដែលធ្លាប់រៀននៅផ្ទះខ្លួនឯង សុទ្ធតែធ្លាប់ជួបប្រទះបញ្ហានេះទាំងអស់…ព្រោះថាអុីនធឺណែត គឺប្រៀបបានដូចជារូងភ្នំមួយដែលមិនមានផ្លូវចេញអញ្ចឹង យើងកាន់តែដើរចូល កាន់តែឃើញវត្ថុជាច្រើន ដែលបង្វែរអារម្មណ៍ មិនឲ្យយើងបន្តដំណើរទៅមុខបាន។ បើយើងបូកអុីនធឺណែត ជាមួយការរៀនដោយគ្មានគ្រូ ឬធ្វើការដោយគ្មានមេណាមកត្រួតទៀតនោះ គឺយើងងាយស្រួលធ្លាក់ក្នុងអន្លង់ ដើរចូលរូងភ្នំ មើលនេះមើលនោះ គ្មានផ្ចង់អារម្មណ៍ធ្វើការ ឬរៀនឲ្យបានដុំកំភួនអីទេ! 

តែកុំភ័យ! ស្មេរនឹងមិនបណ្តោយឲ្យអ្នកអានវប្បធម៌ធ្លាក់ក្នុងអន្លង់ជីវិតគ្មានឆន្ទៈ ដើរហើរតាមតែខ្យល់អុីនធឺណែតបក់អញ្ចឹងទេ!ក្នុងអត្ថបទមួយនេះ ស្មេរនឹងចែករំលែកពីវិធីផ្ចង់អារម្មណ៍ក្នុងការរៀនឬធ្វើការ ដើម្បីឲ្យអ្នកអាចបំពេញតាមផែនការខ្លួន និងគោរពពាក្យសន្យារបស់ខ្លួនបាន!

រូបភាពបានមកពី៖ ម៉ាក វេរ៉ា (Mark Veira)

ស្មេរសូមចាប់ផ្តើម ដោយឲ្យនិយមន័យ «ការងារស៊ីជំរៅ» សិន។ វាគឺជាប្រភេទសកម្មភាពដែលយើងធ្វើវាដោយផ្ចង់អារម្មណ៍ ១០០% ហើយមិនបែកអារម្មណ៍ទៅណានោះទេ! ពេលអ្នកធ្វើការស៊ីជំរៅ ក្នុងចិត្តអ្នកគិតតែពីវា ហើយខ្លួនប្រាណអ្នកផ្តោតលើតែបំពេញវាឲ្យបានសំរេចប៉ុណ្ណោះ! អ្នកមិនយកខួរទៅគិតពីការតបសារ ពីការរៀបផែនការអនាគត ឬ ខ្វល់ខ្វាយថាកំពុងមានរឿងអីកើតឡើងនៅលោកខាងក្រៅនោះទេ។ មនុស្សដែលមានសមត្ថភាពធ្វើការរបៀបនេះ គាត់អាចបញ្ចប់ការងារបានលឿនជាងធម្មតា រៀនឆាប់យល់ ហើយមានគុណភាពល្អជាងមុនទៀតផង! 

រូបភាពបានមកពី៖ វ្ល៉ាឌីម៊ែ ម៉ាឈូកូវ (Vladimir Marchukov)

មុនពេលស្មេរដឹងពីវិធីធ្វើការងារស៊ីជំរៅនេះ ស្មេរធ្លាប់ចំណាយពេលជាមធ្យមគឺ ២៤ ម៉ោងដើម្បីបញ្ចប់អត្ថបទមួយ នោះគឺស្មើនឹងធ្វើការ ៨ ម៉ោងមួយថ្ងៃ ឲ្យគ្រប់បីថ្ងៃ។ តែដល់ពេលមើលឲ្យច្បាស់ទៅ ឃើញថា ៨ ម៉ោងនោះ ស្មេរចំណាយពេលតែ ២ ទៅ ៣ ម៉ោងក្នុងមួយថ្ងៃក្នុងការសរសេរ និងកែប្រែអត្ថបទនោះទេ ឯ ៥ ទៅ ៦ ម៉ោងទៀតគឺចំណាយលើការលេងទូរស័ព្ទ និយាយគ្នាលេងជាមួយក្រុមការងារ ឆ្លើយតបអុីម៉ែល ឬ ដេកថ្ងៃទៅវិញ! 

តែប្រហែលបីឆ្នាំមុននេះ អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរ ពេលដែលខ្ញុំចាប់ផ្តើមអានសៀវភៅ «ការងារស៊ីជំរៅ» និពន្ធដោយ ខាល ញូផរ ។ ខ្ញុំក៏បានសាកធ្វើតាមវិធីដែលគេចារក្នុងសៀវភៅ ហើយឃើញថាវាមានប្រយោជន៍ខ្លាំងមែន! ពេលដែលខ្ញុំចាប់ផ្តើមធ្វើការដោយផ្ចង់អារម្មណ៍ និងមិនបែកអារម្មណ៍នោះ ខ្ញុំអាចសរសេរអត្ថបទមួយដោយចំណាយពេលតែ ៥ ទៅ ៦ ម៉ោងប៉ុណ្ណោះ! ថ្ងៃទី១ ចំណាយអស់ មួយម៉ោងកន្លះដើម្បីសរសេរសំណៅដើម។ ថ្ងៃទី២ ចំណាយអស់ពេល មួយម៉ោងកន្លះដើម្បីកែតំរូវក្លាយជាសំណៅទីពីរ។ ថ្ងៃទីបី ចំណាយពេលអស់មួយម៉ោងកន្លះទៀត ដើម្បីបង្ហើយបញ្ចប់ចេញជាអត្ថបទពេញលេញជាការស្រេច! 

ពេលដែលធ្វើការដោយអារម្មណ៍មិនមូល មួយអត្ថបទត្រូវការពេល ២៤ ម៉ោង។ តែដល់ពេលចេះផ្ចង់អារម្មណ៍ អត្ថបទដដែលត្រូវការតែ ៦ ម៉ោងប៉ុណ្ណោះ! 

តែសូមកុំជឿតែពាក្យស្មេរពេក។ សាកអានអត្ថបទនេះ ហើយយកទៅធ្វើខ្លួនឯងយ៉ាងហោចមួយខែសិនទៅមើល អ្នកនឹងឃើញថាខ្លួនឯងមានឆន្ទៈជាងមុន អាចគ្រប់គ្រងខ្លួនជាង ហើយមានពេលវេលាទំនេរច្រើនជាងមុនទៀតផង! 

ជំហានទី ១៖ បង្កើតក្បួនទំលាប់ការងារមួយ 

ពេលដែលយើងត្រូវទៅសាលាដើម្បីរៀន ឬទៅការិយាល័យដើម្បីធ្វើការ យើងមានក្បួនការងារច្បាស់លាស់ណាស់។ ឲ្យតែឈានជើងចូលថ្នាក់រៀន ឬការិយាល័យភ្លាម គឺយើងប្រែកាយក្លាយជាសិស្ស ឬបុគ្គលិកក្រុមហ៊ុនភ្លាម! ផ្ទុយទៅវិញ ពេលយើងជាប់នៅផ្ទះ ជាកន្លែងដែលយើងដេក កន្លែងដែលយើងលេង និងធ្វើការ នោះក្បួនការងារ ឬក្បួនរៀនយើងចាប់ផ្តើមវិលវល់មិនសូវច្បាស់ទៀតនោះទេ។ ដោយហេតុគ្មានគ្រូ ឬគ្មានមេណាមកប្រាប់ថាយើងគួរធ្វើការតាមក្បួនទំលាប់ណា យើងអាចបង្កើតក្បួនទំលាប់ខ្លួនឯងក៏បាន!

រូបភាពបានមកពី៖​ Rawpixel

បង្កើតក្បួនទំលាប់ទី ១៖ រើសទីកន្លែងមួយ

ប្រសិនបើអាច អ្នកគួររើសកន្លែងណាមួយក្នុងបន្ទប់អ្នក ឬក្នុងផ្ទះអ្នកឲ្យប្រាកដថាសំរាប់តែធ្វើការ ឬរៀនដោយស៊ីជំរៅសុទ្ធតែម្តង។ មនុស្សមួយចំនួន គាត់អាចដេក អាចញ៉ាំ អាចធ្វើការលើគ្រែដដែលៗបាន តែមនុស្សភាគច្រើនអត់មានសមត្ថភាពហ្នឹងទេ។ 

រូបភាពបានមកពី៖ អាលិច ហាមីលតុន (Alec Hamilton)

ឧទាហរណ៍ផ្ទាល់ ក្នុងខួរក្បាលស្មេរ គ្រែគឺស្មើនឹងការកំសាន្ត និងការដេក។ បើចង់ឲ្យស្មេរធ្វើការ ឬរៀនលើគ្រែ គឺធ្វើមិនចេញតែម្តង ដៃចេះតែចង់ចុចមើលអីលេង ទប់មិនរួច។ ដោយហេតុនេះហើយ ស្មេរបានរើសយកតុកញ្ចាស់មួយក្នុងបន្ទប់ដេកជាកន្លែងដែលស្មេររៀន និងធ្វើការដោយស៊ីជំរៅ។ ឲ្យតែដាក់គូទអង្គុយនៅតុហ្នឹងភ្លាម ខួរក្បាលស្មេរដឹងថា ដល់ពេលធ្វើការហើយ ឈប់គិតពីរឿងលេងអីអស់ហ្នឹងមួយរយៈសិនទៅ!

តែសំរាប់អ្នកដែលមានបន្ទប់តូច ឬគ្មានតុក្នុងបន្ទប់ ក៏មិនថ្វីដែរ។ អ្នកអាចរកកន្លែងណាដែលល្មមសំរាប់អ្នកអង្គុយបាន ក្រាលកន្ទេល ឬកំរាលអីមួយដើម្បីស្រួលអង្គុយរៀន ឬធ្វើការទៅការស្រេច។ មិនសំខាន់ថាកន្លែងហ្នឹងយ៉ាងណាទេ ឲ្យតែមានទីណាមួយដែលអ្នកទៅធ្វើការ ឬរៀនជារៀងរាល់ថ្ងៃទៅបានហើយ ព្រោះអ្វីដែលសំខាន់បំផុតគឺហាត់បង្វឹកឲ្យខួរក្បាលយើងឲ្យវាចាំថា ឲ្យតែដាក់គូទនៅកន្លែងហ្នឹងភ្លាម​​គឺដល់ពេលវាផ្ចង់អារម្មណ៍ហើយ!

បង្កើតក្បួនទំលាប់ទី ២៖ រើសថាចង់ផ្ចង់អារម្មណ៍យូរប៉ុណ្ណា

អ្នកគួរនិយាយតាមត្រង់ ថាតើខ្លួនអាចធ្វើការ ឬរៀនដោយផ្ចង់អារម្មណ៍បានយូរប៉ុណ្ណាក្នុងមួយថ្ងៃ។ តាមគេស្រាវជ្រាវមកថា មនុស្សយើងធម្មតាអាចផ្ចង់អារម្មណ៍ទាំងស្រុងលើការងារប្រភេទណាមួយ បានត្រឹម ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ទោះគាត់ជាអ្នកខ្លាំង អ្នកជំនាញប៉ុណ្ណាក៏ដោយចុះ! អ្នកផ្ទាល់អាចរើសថា មួយថ្ងៃអ្នកចង់ផ្ចង់អារម្មណ៍ ២ ម៉ោង ៣ ម៉ោង ៤ ម៉ោង ឬដល់ទៅ ៨ ម៉ោងក៏បាន! 

តែអ្នកមិនគួរបង្ខំខ្លួនឯងពេកនោះទេ! ត្រូវចាំថា សុខចិត្តទៅមុខយឺតៗតែរាល់ថ្ងៃ ជាជាងបោលមួយកំរោល! សុខចិត្តធ្វើការផ្ចង់អារម្មណ៍តែ ៤ ម៉ោង តែធ្វើឲ្យបានរាល់ថ្ងៃ​(៤ ម៉ោង ៦ ថ្ងៃស្មើនឹង ២៤ ម៉ោង) ជាជាងធ្វើម្តង ៨ ម៉ោង តែធ្វើបានតែពីរថ្ងៃដេកស្តិ អស់កំលាំងដេកសំរាកមួយអាទិត្យ (៨ ម៉ោង ២ ថ្ងៃ ស្មើនឹង ១៦ ម៉ោងទេ)! 

តួយ៉ាងគឺស្មេរចូលចិត្តធ្វើការងារច្រើនប្រភេទក្នុងមួយថ្ងៃ ដើម្បីអាចបន្តផ្ចង់អារម្មណ៍បានយូរ ដោយមិនហត់កាយហត់ចិត្ត។ ណាមួយ ស្មេរធ្លាប់សាកអាន ៨ ម៉ោងជាប់គ្នា សាកសរសេរ ៨ ម៉ោងជាប់គ្នា ឬគូររូប ៨ ម៉ោងជាប់គ្នាហើយ លទ្ធផលគឺអារម្មណ៍មិនមូលរហូតទេ ហើយចុងក្រោយស្អប់សកម្មភាពហ្នឹងទៀតផង ព្រោះធ្វើវាច្រើនពេក! 

ដោយហេតុនេះហើយ ក្នុងមួយថ្ងៃ ស្មេរព្យាយាមសរសេរអត្ថបទ ១ ទៅ ២ ម៉ោង ឯ ១ ទៅ ២ ម៉ោងទៀតសំរាប់សរសេរពាក្យ និងច្នៃរូបទុកផុសក្នុងហ្វេសប៊ុក។ ១ ទៅ ២ ម៉ោងសំរាប់អានសៀវភៅថ្មី យកគំនិតដើម្បីសរសេរអត្ថបទថ្មីទៅថ្ងៃមុខ ហើយ ១ ម៉ោងចុងក្រោយសំរាប់ឆ្លើយតបសារ និងអុីម៉ែលទាក់ទងនឹងការងារ។ 

ដោយសារចេះធ្វើការដោយផ្ចង់អារម្មណ៍ ឥលូវខ្ញុំអាចធ្វើការបានលទ្ធផលស្មើមុន តែចំណាយពេលតែ ៣ ទៅ ៥ ម៉ោងក្នុងមួយថ្ងៃនោះទេ បើប្រៀបធៀបនឹងកាលមុនគឺធ្វើការ ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃទើបចប់។ ហើយណាមួយ កាលដែលបន្ថយម៉ោងធ្វើការដូចនេះ​បានជួយឲ្យខ្ញុំលែងសូវស្ត្រេសរឿងការងារ ហើយជួយឲ្យសុខភាពផ្លូវចិត្តរបស់ខ្ញុំរីកចំរើនជាងមុនផងដែរ! 

សំរាប់អ្នកវិញ អាចសាកបូកសកម្មភាពឲ្យច្រើនប្រភេទសំរាប់ការងារមួយថ្ងៃៗដែរទៅ! កុំបង្ខំខ្លួនពេក ហើយក៏កុំផ្ចង់អារម្មណ៍លើសកម្មភាពដដែលៗយូរពេកដែរ។ ឧបម៉ាថា ក្នុងមួយថ្ងៃ អ្នកអាចរៀន ២ ទៅ ៣ ម៉ោង ហើយទុក ១ ទៅ ២ ម៉ោងសំរាប់អានសៀវភៅលំហែខួរ ហើយ ១ ទៅ ២ម៉ោងសំរាប់មើលរឿង ឬលេងហ្វេសប៊ុក យូធូប និង ១ ម៉ោងចុងក្រោយសំរាប់ធ្វើកិច្ចការងារផ្ទះ (homework) អញ្ចឹងទៅ។ 

បង្កើតក្បួនទំលាប់ទី ៣៖ មានពេលចេញលេងសំរាកនឹងគេផង!

ស្មេរតែងតែជឿថា បើចង់ឲ្យយើងធ្វើអ្វីបានយូរនោះ ទាល់តែយើងសប្បាយនឹងធ្វើវា។ ពេលដំបូងៗ ដែលយើងចាប់ផ្តើមបង្ហាត់ឲ្យខួរក្បាលយើងផ្ចង់អារម្មណ៍ ជាជាងឲ្យវាដើរហើរពាសវាលពាសកាលនោះ គឺមិនសូវស្រួល ឬសប្បាយនោះឡើយ។ ទាល់តែធ្វើបានយូរបន្តិច យើងនឹងអាចធ្វើវាដោយស្រួលជាងមុន ហើយឃើញផលប្រយោជន៍វាហើយ ទើបយើងចាប់ផ្តើមសប្បាយនឹងធ្វើវាខ្លាំងទៅៗ។ 

ដូច្នេះ ដើម្បីជួយថែមភាពសប្បាយ និងបន្ថយភាពតានតឹងពេលយើងចាប់ផ្តើមហាត់ផ្ចង់អារម្មណ៍ដំបូង យើងគួរមានពេលសំរាក ពេលចេញលេងឲ្យបានច្រើន។ ក្នុងពេលសំរាក យើងអាចធ្វើអីក៏បាន ចង់ចុចហ្វេសប៊ុកក៏បាន ចង់ផ្ញើសារទៅក្រាស់ក៏បាន ចង់មើលគេលេងហ្គេមក៏មិនថ្វី! 

ដឹងអត់ថា ស្មេរផ្ទាល់គឺជាមនុស្សដ៏ខ្ជិលច្រអូសម្នាក់។ ប្រសិនបើអាច ខ្ញុំសុខចិត្តរើសយកជីវិតមួយដែលខ្ញុំអាចដេកមួយថ្ងៃដល់យប់ អត់ធ្វើអីបន្តិចសោះឡើយ! តែខ្ញុំដឹងថា ទាល់តែខ្ញុំលើកដៃធ្វើការខ្លះ ទើបវាល្អដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងហោប៉ៅរបស់ខ្ញុំ។ 

រូបភាពបានមកពី៖ អុីសា ផេនីក ម៉ុនស្តា (Isa Panic Monsta)

ដើម្បីលួងលោមចិត្តជាជ្រូករបស់ខ្ញុំ (សំខាន់ ចៃដន្យស្មេរកើតឆ្នាំជ្រូកទៀត) ខ្ញុំបានដាក់បញ្ចូលពេលសំរាកជាច្រើននៅតាមចន្លោះការងារស៊ីជំរៅ។ អាហ្នឹងដូចនិយាយទៅកាន់ខ្លួនឯងថា៖ «អេ ប៉ិខួរជ្រូក! យើងដឹងថាឯងពិបាកនឹងផ្ចង់អារម្មណ៍ តែគិតមើលៗ គ្មានត្រូវធ្វើច្រើនពេកឯណា! ហើយណាមួយ ឯងអាចសំរាកបានច្រើនទេតើ! អាចយកពេលហ្នឹងចេញលេងទៅចុចទូរស័ព្ទ ទៅឆ្លើយតបសារ ឬញ៉ាំអីក៏បានស្រេចចិត្ត!»

ដោយហេតុនេះហើយ ខ្ញុំបានបន្លំលួងលោមឲ្យខ្លួនឯងចូលចិត្តធ្វើការងារស៊ីជំរៅ ដោយធ្វើការតែ ៣ ទៅ ៤ ម៉ោងក្នុងមួយថ្ងៃ (តែ ៦ ថ្ងៃក្នុងមួយអាទិត្យ)។ ហើយរាល់ពេលផ្ចង់អារម្មណ៍បាន ៥០ នាទី ខ្ញុំសំរាក ១០ នាទី​។ បន្ថែមពីលើហ្នឹងទៀត រាល់ពេលធ្វើការបាន ៥ នាទី ខ្ញុំឈប់សំរាកដើម្បីដកដង្ហើមប្រហែល ១០ វិនាទីផងដែរ។ ពេលវេលាដែលចំណាយលើការសំរាកទាំងនេះ គឺត្រូវរាប់ចូលជាពេលវេលាការងារដូចគ្នា! 

មូលហេតុមួយទៀតដែលអ្នកគួរផ្តល់ពេលសំរាកឲ្យខ្លួនច្រើននោះ គឺដោយសារការផ្ចង់អារម្មណ៍រៀន ឬធ្វើការត្រូវការកំលាំងជាច្រើនពីខ្លួនប្រាណ និងខួរក្បាលយើងណាស់។ ចង់ឬមិនចង់គឺត្រូវផ្តល់ពេលឲ្យគ្នាសំរាកជារឿយៗ បើមិនចង់ឲ្យគ្នាធ្លាក់ខ្លួនឈឺទេនោះ! 

សំរាប់អ្នកដែលទើបចាប់ផ្តើម ស្មេរគិតថាគួរសំរាកឲ្យបានកាន់តែញឹកញាប់កាន់តែប្រសើរ។ វានឹងធ្វើឲ្យអ្នកចូលចិត្តធ្វើការស៊ីជំរៅជាងមុន ហើយលើកទឹកចិត្តឲ្យអ្នកធ្វើវាជារៀងរាល់ថ្ងៃ ដែលនាំឲ្យអ្នកពូកែផ្ចង់អារម្មណ៍ទៅៗទៀតផង! 

ដូច្នេះ សំរាប់អ្នកដែលចង់សាក អ្នកអាចចាប់ផ្តើមដោយផ្ចង់អារម្មណ៍ ១៥ នាទី ហើយសំរាក ៥ នាទី។ ក្នុងមួយម៉ោងដែលអ្នកចំណាយលើការងារស៊ីជំរៅ គឺអ្នកធ្វើការ ១៥ នាទី សំរាក ៥ នាទី ធ្វើការ ១៥ នាទី សំរាក ៥ នាទី ធ្វើការ ១៥ នាទី ហើយសំរាក ៥ នាទី។ 

រូបភាពបានមកពី៖​​ Messence

ធ្វើដូចនេះបានពីរបីថ្ងៃ ឬមួយអាទិត្យក្រោយមក អ្នកអាចសាកតំឡើងវាទៅ ២០ ទៅ ២៥ នាទីធ្វើការ និង សំរាក ៥ នាទីដដែល។ ពេលដែលយើងពូកែផ្ចង់អារម្មណ៍ទៅៗ នោះយើងអាចតំឡើងវាឲ្យយូរទៅៗតាមហ្នឹងដែរ។  

ឧទាហរណ៍ ពេលដែលខ្ញុំទើបសាកតិចនិចនេះភ្លាម គឺសមត្ថភាពក្នុងការផ្ចង់អារម្មណ៍របស់ខ្ញុំនៅខ្សោយមែនទែនតែម្តង រកតែផ្ចង់ឲ្យបាន ២០ នាទីម្តងមិនដែលមូលទេ! ដូច្នេះ ខ្ញុំក៏ចាប់ផ្តើមដោយធ្វើការ ១៥ នាទី សំរាក ៥ នាទី តៗគ្នារហូត។ គ្រាន់តែប៉ុន្មានថ្ងៃសោះ​ ខ្ញុំអាចពន្យារវាដល់ ២៥ នាទី ហើយសំរាក ៥ នាទី។ ខ្ញុំនៅធ្វើអញ្ចឹងរាល់ថ្ងៃ រហូតដល់ ១ ឆ្នាំក្រោយ ទើបខ្ញុំសំរេចចិត្តប្តូរទៅ ធ្វើការ ៥០ នាទី​និងសំរាក ១០ នាទីវិញម្តង! 

បន្ថែមពីលើនេះទៀត ខ្ញុំប្រើប្រាស់កម្មវិធី ជួងនៃស្មារតី (Bell of Mindfulness) ដែលរាល់ ៥ នាទីម្តង វាបន្លឺសំឡេងជួងចំនួនបីជួង (អស់រយៈពេលប្រហែល ១០ វិនាទី)។ ពេលលឺសំលេងជួងម្តងៗ ខ្ញុំដកដៃដកចិត្តពីការងារ ដកដង្ហើមបីបួនដង្ហើមដោយមិនគិតពីអ្វីទាំងអស់ ហើយទើបបន្តធ្វើការទៀត! នេះមិនមែនថាត្រូវកំណត់ឲ្យគ្នាយើងប្រើជួងដូចខ្ញុំទេ ព្រោះវាអត់បានប្រយោជន៍ទេ បើអ្នកមិនទាន់សូវ យល់ពីសារៈសំខាន់នៃការផ្ចង់ស្មារតីនៅឡើយ។ តែខ្ញុំលើកឡើងនេះ ដោយសារចង់ឲ្យអ្នកឃើញថា ខ្ញុំតែងព្យាយាមរកវិធីសំរាករឹតតែញឹកញយទៅៗជានិច្ច! 

កម្មវិធីដែលជួយកំណត់ម៉ោងធ្វើការ៖

 អ្នកអាចប្រើកម្មវិធីម៉ោងរោទិ៍ដែលមានស្រាប់ក្នុងទូរស័ព្ទអ្នកក៏បាន ឬដើររកកម្មវិធីហ្វ្រ៊ីៗយកមកប្រើក៏បាន! ស្មេរផ្ទាល់ប្រើកម្មវិធី Be Focused ក្នុងកុំព្យូទ័រ។ ហើយស្មេរក៏ចូលចិត្តប្រើកម្មវិធី  TIDE ក្នុងទូរស័ព្ទផងដែរ។ 

បង្កើតក្បួនទំលាប់ទី ៤៖ បង្កើតវិន័យដើម្បីបំបាត់វត្ថុបំបែកអារម្មណ៍ពេលអ្នកធ្វើការ

និយាយទៅ យើងខំប្រឹងបង្កើតក្បួនទំលាប់នេះគឺដើម្បីធ្វើឲ្យយើងផ្ចង់អារម្មណ៍ពេលធ្វើការ។ ដល់ជំហាននេះ អ្នកមានកន្លែងធ្វើការ ដឹងពីពេលវេលាធ្វើការ និងពេលសំរាកហើយ ដល់ពេលអ្នករៀបវិន័យដើម្បីកំចាត់វត្ថុបំបែកអារម្មណ៍អ្នកវិញម្តង! 

តួយ៉ាង ស្មេរផ្ទាល់គឺមានទំលាប់បិទ notification ពីកម្មវិធីទាំងអស់ក្នុងទូរស័ព្ទ និងកុំព្យូទ័រ ទុកតែឲ្យលោតប្រាប់ថាមានគេខល ឬ ផ្ញើសារមកលេខទូរស័ព្ទផ្ទាល់នោះទេ! ដូច្នេះ ពេលដែលខ្ញុំធ្វើការ គឺខ្ញុំដាក់វិន័យថា ហាមមិនឲ្យកាន់ទូរស័ព្ទ បើកកម្មវិធីបណ្តាញសង្គម ឬឆែកពីនេះពីនោះដែលមិនទាក់ទងនឹងការងារឡើយ។ ការប្រើប្រាស់កុំព្យូទ័រក៏ដូចគ្នាដែរ ខ្ញុំមានអុីនធឺណែតក៏ពិតមែន តែអាចឆែកតែពេលត្រូវការព័ត៌មានដើម្បីការងារនោះទេ!

ដូចគ្នាដែរពេលដែលខ្ញុំរៀន គឺដូចម៉ោងធ្វើការស៊ីជំរៅអញ្ចឹង គ្មានលេងទូរស័ព្ទ ឬឆែកមើលអីឥតប្រយោជន៍ក្រៅពីម៉ោងសំរាកទេ! 

ស្តាប់ទៅដូចឃោរឃៅបន្តិចមែន តែត្រូវចាំថា ឲ្យតែដល់ម៉ោងសំរាក ខ្ញុំអាចចុចទូរស័ព្ទ ឆ្លើយតបសារ មើលអីតាមចិត្តហើយ! ដូច្នេះ ក្នុងមួយម៉ោងគឺខ្ញុំធ្វើការផ្ចង់អារម្មណ៍ មិនឆ្លើយតបសារ មិនឆែកអ្វីអត់បានការរយៈពេល ៥០ នាទី ហើយ ១០ នាទីទៀតគឺចុចលេងម៉ាសេរី! ពេលចប់ម៉ោងសំរាក គឺបិទទូរស័ព្ទដល់ពេលផ្ចង់អារម្មណ៍សារជាថ្មី!  

ខ្ញុំចង់សូមឲ្យអ្នកសាកដាក់វិន័យខ្លួនឯង បិទ notification ពីកម្មវិធីទាំងអស់ លើកលែងតែការខល និងផ្ញើសារមកលេខទូរស័ព្ទអ្នកផ្ទាល់ទេ។ ហើយក៏ដាក់វិន័យថា ពេលដែលអ្នកត្រូវធ្វើការ ឬរៀនដោយស៊ីជំរៅ គឺមិនប៉ះទូរស័ព្ទបើកឆែកកម្មវិធីណាឡើយ! សាកធ្វើអញ្ចឹងឲ្យបាន ៣០ ថ្ងៃទៅមើល អ្នកនឹងឃើញថា ខ្លួនធ្វើការមិនសូវស្ត្រេសដូចមុន ហើយធ្វើការបានច្រើន ទោះជាចំណាយពេលតិចជាងមុនក៏ដោយ! 

ជំហានទី ២៖ តាមដានម៉ោងការងារស៊ីជំរៅរបស់អ្នក

និយាយទៅ គ្មានអ្វីធ្វើឲ្យយើងសប្បាយជាងឃើញថា ខ្លួនចំរើនក្នុងគោលបំណងយើងម្តងបន្តិចៗជារៀងរាល់ថ្ងៃនោះទេ។ ដូច្នេះ អ្នកគួរតាមដានថាខ្លួនធ្វើការ ឬរៀនដោយស៊ីជំរៅមួយថ្ងៃបានប៉ុន្មានម៉ោង ដើម្បីឃើញភាពអភិវឌ្ឍន៍របស់ខ្លួន! មិនត្រូវការអីច្រើនទេ គឺគ្រាន់តែក្រដាសមួយសន្លឹក និងប៊ិចមួយទៅធ្វើបានហើយ! 

នេះជាតារាងតាមដានម៉ោងធ្វើការស៊ីជំរៅរបស់ស្មេរ! 

ជំហានទី ៣៖ ទទួលស្គាល់សមត្ថភាពខ្លួនឯង

គ្នាយើងខ្លះអាចនឹងបែកគំនិត ចង់ច្របាច់យកប្រយោជន៍ពីតិចនិចនេះឲ្យខ្សោះអស់ជាតិតែម្តង។ អ្នកខ្លះគិតថា បើមួយថ្ងៃធ្វើការស៊ីជំរៅតែ ៣ ម៉ោងអាចសំរេចការងារបានច្រើនប៉ុណ្ណឹង ចុះទំរាំផ្ចង់អារម្មណ៍ ៨ ម៉ោងទៀត? មិនបានលុយច្រើន សំរេចបានជោគជ័យច្រើន និងជួយគេបានច្រើនទៅហើយ? 

តែគិតឡើងវិញសិនទៅថ្លៃ ដោយសារមនុស្សយើងធម្មតា អាចធ្វើការងារស៊ីជំរៅមានកំរិត។ សំរាប់ស្មេរផ្ទាល់ គឺធ្វើបានត្រឹមពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ! 

ម៉្យាងវិញទឿត ខ្ញុំគិតថាយើងមិនគួរប្រែកាយក្លាយជាម៉ាស៊ីនធ្វើការស៊ីជំរៅនោះទេ! មនុស្សយើងកើតមកនេះ មិនមែនដើម្បីតែធ្វើការ ធ្វើការ ធ្វើការហើយស្លាប់ឯណា! ១០០ ឆ្នាំទៅមុខទៀត ការងារដែលយើងធ្វើឥលូវនេះគ្មាននៅសល់ស្នាកស្នាម គ្មានភាពសំខាន់អីទៀតទេ!

អត្ថបទនេះសរសេរឡើង មិនមែនមានចេតនាចង់ឲ្យអ្នកធ្វើការដោយផ្ចង់ស្មារតីរហូតនោះទេ តែសរសេរឡើង ដើម្បីឲ្យយើងធ្វើការឲ្យមានប្រយោជន៍ មិនខ្ជះខ្ជាយពេលវេលា អាចបញ្ចប់ការងារលឿនជាងធម្មតា ដើម្បីយកពេលទៅធ្វើអ្វីផ្សេងៗទៀតក្នុងជីវិត! 

រូបភាពបានមកពី៖ ហ្ញីលាន លឺវីន (Gillian Levine)

អ្នកខ្លះដែលស្គាល់ខ្ញុំផ្ទាល់ គាត់ឆ្ងល់ថា បើចេះធ្វើការដោយផ្ចង់អារម្មណ៍អញ្ចឹង ម៉េចក៏សំរេចចិត្តធ្វើការតែ ៣ ទៅ ៤ ម៉ោងក្នុងមួយថ្ងៃ? ម៉េចមិនធ្វើការ ៨ ម៉ោងមួយថ្ងៃទៅ? មិនសរសេរអត្ថបទបានច្រើន ធ្វើវីដេអូបានច្រើន ដើរនិយាយបានច្រើន រកលុយបានច្រើន ហើយពង្រីកកេរ្តិ៍ឈ្មោះបានខ្លាំងជាងនេះ?

ខ្ញុំអាចឆ្លើយទៅពួកគាត់ថា ជីវិតខ្ញុំមិនមែនរស់ដើម្បីតែវប្បធម៌ទេ។ ខ្ញុំសប្បាយនឹងធ្វើការទាក់ទងនឹងវ៉ិបសាយមួយនេះក៏ពិតមែន តែខ្ញុំក៏សប្បាយនឹងចេញពីធ្វើការ យកពេលនៅសល់ទៅអានសៀវភៅ គូររូប ស្រាវជ្រាវរឿងចំលែកៗ និយាយលេងជាមួយមិត្តភក្តិបងប្អូន ហើយសំខាន់បំផុតនោះគឺ យកពេលទៅដេកលេងឥតធ្វើអ្វីសោះផងដែរ! 

តិចនិចក្នុងការផ្ចង់អារម្មណ៍ធ្វើការស៊ីជំរៅ បានជួយដោះលែងខ្ញុំ ឲ្យមានពេលទំនេរច្រើនជាងមុន ចំណេញដល់ទៅ ៣ ទៅ ៤ ម៉ោងក្នុងមួយថ្ងៃឯណោះ ដើម្បីធ្វើរឿងមានប្រយោជន៍ផ្សេងៗទៀតក្នុងជីវិត! ហើយស្មេរក៏ចង់ឲ្យអ្នកទាំងអស់គ្នាមានសេរីភាពប្រភេទនេះផងដែរ! 

រូបភាពពីដើមអត្ថបទ៖ Sassshaaaa

from: https://tnaot.com/km/m/detail/article/9130806