កីឡាករសញ្ជាតិកាមេរូន Onana លេងជាអ្នកចាំទីរបស់ក្លិប Ajax កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាក្លិបធំៗនៅតំបន់អឺរ៉ុបក្នុងការចុះហត្ថលេខានៅរដូវក្តៅនេះ។
អ្នកចាំទី Onana មានវ័យ ២៤ឆ្នាំ បានប្រកបអាជីពជាកីឡាករបាល់ទាត់ដំបូងជាមួយក្លិបថ្នាលយុវជន FC Barcelona នៅឆ្នាំ២០១០ ក្រោយមកបានផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ Ajax នៅឆ្នាំ២០១៤។ ក្រោយផ្លាស់ទៅចូលរួមជាមួយ Ajax បានជាង ៦ឆ្នាំ មកនេះ Onana បានវិវដ្ដទម្រង់លេងយ៉ាងល្អ និងជួយឱ្យក្លិបឈ្នះពានរង្វាន់លីគកំពូលរបស់ប្រទេសហូឡង់បាន ១លើក ផងដែរ កាលពីឆ្នាំ២០១៩។
ចាប់តាំងពីរដូវកាលថ្មីចាប់ផ្តើមមក អ្នកចាំទីរូបនេះ កំពុងតែមានដំណឹងលេចឮពីការចង់បានពីសំណាក់ក្លិបធំៗមួយចំនួន ដោយរួមមានដូចជា Chelsea និង Tottenham Hotspur ជាដើម។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ Barcelona និង PSG ក៏បានដាក់ការចាប់អារម្មណ៍មកលើអ្នកចាំទីរូបនេះផងដែរ។
យោងតាមកាសែតបារាំង L’Equipe បានឱ្យដឹងថា PSG កំពុងតែមានបំណងចង់ចុះហត្ថលេខាលើ Onana នៅក្នុងរដូវក្តៅនេះ ដោយត្រូវធ្វើការប្រកួតប្រជែងពីសំណាក់ ក្លិប Barcelona ផងដែរ ដែលសុទ្ធតែបានដាក់ការចាប់អារម្មណ៍មកលើអ្នកចាំទីរូបនេះដូចគ្នា។
Barcelona ហាក់មានបំណងចង់បានអតីតអ្នកចាំទីរបស់ខ្លួនត្រឡប់មកវិញ ក្រោយអ្នកចាំទីដៃស្អិត Stegen កំពុងតែទាមទារឱ្យក្លិបដំឡើងថ្លៃនឿយហត់ដល់ខ្លួន ក្នុងមួយឆ្នាំចំនួន ១៥លានអឺរ៉ូ។
ដោយឡែក PSG វិញមានបំណងចង់បាន Onana មកជួយពង្រឹងក្រុមបន្ថែម ខណៈដែលអ្នកចាំទីដៃទីមួយរបស់ពួកគេ Keylor Navas កំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖Goal