Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះតេជគុណជាច្រើនព្រះអង្គ ជំរុញពុទ្ធបរិស័ទចាប់យកព្រះធម៌ និងធ្វើសមាធិ ដើម្បីកុំឱ្យភ័យខ្លាចកូវីដ១៩

ព្រះសង្ឈជាច្រើនអង្គ បានជំរុញ​ឱ្យពុទ្ធបរិស័ទ ចាប់យកព្រះធម៌ និងធ្វើសមាធិ អាច​ជំនួយក្នុងការរក្សាផ្លូវចិត្តឱ្យស្ងប់ ចៀស​ឆ្ងាយ​ពី​ការ​ភ័យខ្លាចអំឡុង​ពេល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិជំងឺកូវីដ១៩។ នេះ​បើតាម​ថេរដីកា នៃ​ព្រះ​តេជគុណ​ជាច្រើនអង្គ​ គង់​ក្នុង​វត្ត​អារាម នៅរាជធានី​ភ្នំ​ពេញ។

ព្រះសតិបាលោ ភិក្ខុ សុខ សុផៃ គង់នៅវត្តគល់ទទឹងបានមានព្រះថេរដីកាថា​ ប៉ុន្មានខែចុងក្រោយនេះ ព្រះតេជគុណបានមើលឃើញពីការភិតភ័យ ដោយសតិអារម្មណ៍របស់ពុទ្ធបរិស័ទ ទៅលើជំងឺកូវិដ១៩ ដែល​នាំ​ពុទ្ធ​បរិស័ទ នាំគ្នាត្រៀមស្បៀង និងទិញសម្ភារៈប្រើប្រាស់ រួមទាំងគ្រឿងបរិភោគមកទុកនៅក្នុងផ្ទះផងដែរ។

ព្រះតេជគុណ ភិក្ខុ សុខ សុផៃ មាន​ថេរ​ដីកា​ដែរ​ថា “អាការភ័យហ្នឹង ក៏ជាបញ្ហាមួយដែរ ពិព្រោះតាមទ្រឹស្តីព្រះពុទ្ធ បានចែងថា អាជំងឺដែលកើតពីចិត្តហ្នឹង វាខ្លាំងជាងអាជំងឺដែលកើតលើ​ផ្លូវកាយ ​អញ្ចឹងបើកាលណាវា កើតតិចតួចហើយ វាមានអាគំនិតភ័យខ្លាចនៅក្នុងចិត្តហ្នឹង ​វាធ្វើឱ្យយើងឆាប់បាក់ទឹកចិត្តលឿនណាស់ មានន័យថា ពេលខ្លះធ្វើអ្វីអត់កើត ភ័យស្លន់ស្លោរ ដោយសារជំងឺតិតតួច វាធ្វើឱ្យយើងមានគំនិតភ័យ អាចជាឱកាសធ្វើឱ្យជំងឺផ្សេងទៀតចូលប្រៀតខ្លួនក៏មានដែរ”។

គោលការណ៍សំខាន់របស់ព្រះពុទ្ធសាសនា គឺការទូន្មានឱ្យមនុស្សមានការអប់រំចិត្តរបស់ខ្លួនឱ្យស្ងប់ ពិសេសគឺការតាំងចិត្ត ភាវនាធម៌ ដើម្បីទប់ស្កាត់នូវភាពភ័យខ្លាច។

ព្រះវីរៈបញ្ញាញាណ ថៃ ប៊ុនធឿន ព្រះគ្រូចៅអធិការ វត្តស្ទឹងមានជ័យ ក៏មានថេរដីកាដែរថា “ប្រជាពលរដ្ឋគួរនាំគ្នាស្តាប់ព្រះធម៌ឱ្យបានច្រើន ដើម្បីអប់រំចិត្តឱ្យស្ងប់ ព្រោះការស្តាប់ធម៌អាចជួយ ឱ្យអារម្មណ៍ជ្រះថ្លា និងមិនគិតទៅលើទុក្ខព្រួយ វាក៏អាចកាត់បន្ថយដែរ។ កាលណាបើអស់លោកមានធម៌ មន្ត្រីរាជការមានធម៌ ប្រជាពលរដ្ឋក៏មានធម៌ សង្គមទាំងមូលក៏មានធម៌ នោះនឹងឈ្នះ ទៅលើ ឧបទ្រុបចង្រៃ ជាពិសេសគឺកូវីដ១៩ បាន”។

ជាមួយគ្នានេះបើតាមព្រះតេជគុណបណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តនន្ទមុន្នី ក៏បានលើកឡើងពីការប្រតិបត្តិនូវវិន័យធម៌ ដើម្បីឱ្យពុទ្ធសាសនិកជនទទួលបានសុខភាពទាំងផ្លូវការ និងផ្លូវចិត្ត។

បើតាមព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តនន្ទមុន្នី បានមាន ព្រះថេរដីកាថា “យោងទៅតាមពុទ្ធដីកា ព្រះពុទ្ធលោកបានត្រាស់ដឹងឡើង​​ ព្រះអង្គគិតខ្លាំងមែនទែនចំពោះ សុខភាពពុទ្ធបរិស័ទ ឬក៏មនុស្សជាតិទូទៅតែម្តង ហើយសុខភាពតាមបែបព្រះពុទ្ធសាសនា ព្រះពុទ្ធលោកសម្តែងមកមានពីរ ទី១ សុខភាពផ្លូវកាយហើយ ទី២ សុខភាពផ្លូវចិត្ត។ សុខភាពផ្លូវកាយ ហ្នឹងដើម្បីឱ្យកាយយើងមានសុខភាពល្អ គឺត្រូវតែមានការប្រើប្រាស់បច្ឆ័យ៤ ប្រកបដោយភាពអនាម័យ តាំងពីគ្រឿងស្លៀកពាក់ តាំងពីបាយ ទឹក តាំងពីទីកន្លែងជ្រកកោនស្នាក់នៅក្តី រហូតដល់ថ្នាំសម្លាប់កែរោគហ្នឹងឯង​។ ទី២ សុខភាពល្អផ្លូវចិត្ត គឺមានការគោរពបដិបត្រតាមវិន័យព្រះពុទ្ធសាសនា កាលណាបើជីវិតយើងមានសុខភាពល្អហ្នឹង ព្រះថាជាលាភរបស់យើង ជាសុភមង្គលសម្រាប់ជីវិតរបស់យើង។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ការ​ជួប​ជុំ​បែបសាសនា ទាំងអស់​នៅ​ទូទាំង​ប្រទេស នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន ដើ​ម្បីចូលរួមទប់ស្កាត់វីរុសកូវីដ ១៩ ប៉ុន្តែបណ្តាវត្តទូទាំងប្រទេស នៅ​តែ​បើកទទួល​ទេយ្យទាន​ពីពុទ្ធបរិស័ទដូច​សសព្វរាល់ដង គ្រាន់តែ​ទីអារាម​បាន​រៀប​ចំ​រក្សា​អនាម័យ គម្លាត​សង្គម និងវិធានការ​ផ្សេងទៀត ចូល​រួម​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺកូវីដ ១៩ នេះ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9130282