រដ្ឋាភិបាលស្រីលង្កា បានចេញបញ្ជាឲ្យបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ទាំងអស់ មិនថា អ្នក កាន់សាសនាអ្វីនោះឡើយ។ បទបញ្ជាខាងលើរងការជំទាស់យ៉ាងខ្លាំងពីក្រុមអ្នកកាន់សាសនាអ៊ិស្លាម នៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្រីលង្កា នៅថ្ងៃទី១៣ ខែមេសា បានបញ្ជាក់យ៉ាងច្បាស់ថា«សពជនរងគ្រោះដោយកូវីដ-១៩ គឺត្រូវតែបូជាទាំងអស់»។
សារព័ត៌មាន AFP នៅព្រឹកថ្ងៃទី១៣ ខែមេសា បានផ្សាយថា នៅប្រទេសស្រីលង្កា មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់២១០នាក់ និងស្លាប់៧នាក់។ ក្នុងចំណោមអ្នកស្លាប់ទំាង៧នាក់ មានអ្នកកាន់សាសនាអ៊ិស្លាម៣នាក់។ ប៉ុន្ដែគ្រួសារសពរអ្នកកាន់សាសនាអ៊ិស្លាម មិនយល់ព្រមឲ្យបូជានោះឡើយ ព្រោះសាច់ញាតិគិតថា ខុសទៅនឹងទំនៀមទម្លាប់ របស់សាសនិកអ៊ិស្លាម ។ ក្នុងចំណោមពលរដ្ឋស្រីលង្កា ចំនួន២១លានលាននាក់ មានអ្នកកាន់សាសនាអ៊ិស្លាម រហូតដល់ទៅ១០ភាគរយ។
បទបញ្ជាខាងលើនេះ អាចបង្កឲ្យមានវិវាទ កាន់តែខ្លាំង រវាងរដ្ឋាភិបាលស្រីលង្កា និងក្រុមសហគមន៍អ្នកកាន់សាសនាអ៊ិស្លាម។ ជាមួយគ្នានេះ អគ្គនាយក អង្គការលើកលែងទោស ពិភពលោកប្រចាំ នៅតំបន់អាស៊ីភាគខាងត្បូង លោក Biraj Patnaik បានបញ្ជាក់ថា ក្នុងដំណាក់កាលដ៏លំបាកនេះ រដ្ឋាភិបាលគួរតែផ្តល់ឱកាសឲ្យសហគមន៍រួបរួមគ្នា ជាជាងធ្វើឲ្យបែកបាក់ នៅក្នុងសង្គមកាន់តែខ្លាំងឡើង៕ ប្រែសម្រួលដោយ៖MEO