អ្នកវិភាគថា ការផលិតកម្មប្រេង បើអាចកាត់បន្ថយបានពី១៥លានធុងទៅ៣០លានធុងក្នុងមួយថ្ងៃ ទើបជាការប្រសើរ
តម្លៃប្រេងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឡើងខ្ពស់បន្តិច បន្ទាប់ពីប្រទេសផលិតប្រេងធំៗ បានព្រមព្រៀងគ្នាកាត់បន្ថយការផលិតទិន្នផលប្រេងយ៉ាងច្រើនសន្ធឹក ជិត១០លានធុងក្នុងមួយថ្ងៃ ។
តាមការចេញផ្សាយរបស់ប្រភព AFP បញ្ជាក់ថា សន្ទស្សន៍ហ៊ុនប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើងប្រហែល៥ភាគរយ នៅត្រឹម២៣,៩៤ដុល្លារ ក្នុងមួយបារ៉ែល នៅក្នុងការជួញដូរពេលរសៀលនៅអាស៊ី ក្រោយពីការកើនឡើងជិត៨ភាគរយ ។
ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលអន្តរជាតិ បានធ្លាក់ចុះបន្តិចបន្ទាប់ពីការកើនឡើងខ្លាំងមុនពេលធ្វើពាណិជ្ជកម្ម គឺ៤,២ភាគរយ នៅត្រឹម ៣២,៨៣ដុល្លារ ក្នុងមួយបារ៉ែល ។
សប្តាហ៍ថ្មីៗកន្លងមកនេះ តម្លៃប្រេងឆៅមានការធ្លាក់ចុះយ៉ាងគំហុកដោយសារតែការរាតត្បាតពីវីរុស COVID-19 ហើយនិងការផ្ទុះនូវសង្គ្រាមតម្លៃប្រេងរវាងអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រធានអង្គការOPEC ហើយនិងប្រទេសរុស្ស៊ី ។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំតាមវីដេអូខនហ្វឺរេន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ប្រទេសផលិតប្រេងទាំងអស់បានព្រមព្រៀងកាត់បន្ថយផលិតកម្ម៩,៧លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ។ មុននេះ គេបានសម្រេចកាត់បន្ថយផលិត១០លានធុងក្នុងមួយថ្ងៃ ។
អគ្គលេខាធិការអង្គការ OPEC លោក Mohammad Barkindo បានហៅការកាត់បន្ថយនេះថា ជា“ប្រវត្តិសាស្ត្រ” ហើយកិច្ចព្រមព្រៀងនេះបានលេចចេញជាសញ្ញានៃការបញ្ចប់សង្គ្រាមតម្លៃដ៏ជូរចត់រវាងទីក្រុងរីយ៉ាដ និងទីក្រុងមូស្គូ ។
ក្រុមអ្នកវិភាគបានខកចិត្តចំពោះការកាត់បន្ថយផលិតកម្មប្រេងមួយនេះ ។ អ្នកវិភាគអះអាងថា ការផលិតកម្ម បើអាចកាត់បន្ថយបានពី១៥លានធុងទៅ៣០លានធុងក្នុងមួយថ្ងៃបាននោះ ទើបជាការប្រសើរ ពីព្រោះការរាតត្បាតវីរុស COVID-19 មាននៅគ្រប់ទីកន្លែង ។
ការស្តុកទុកប្រេងនៅទូទាំងពិភពលោក ក៏កំពុងតែពេញប្រៀបយ៉ាងឆាប់រហ័ស ។
លោក Andy Lipow ប្រធានក្រុមហ៊ុន Lipow Oil Associates LLC នៅទីក្រុង Houston រដ្ឋតិចសាស់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ កិច្ចព្រមព្រៀងនេះគឺតិចជាងការរំពឹងទុករបស់ទីផ្សារបន្តិច។ អ្នកវិភាគនៅតែមានការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះ អាចនឹងយឺតពេល ៕ ប្រែសម្រួលដោយ៖ thach yat