ភ្នំពេញ៖ ក្រៅពីវាស់កំដៅនៅច្រកចូលសាលារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចដាក់ម៉ាស៊ីនស្កេនកំដៅ មួយទីតាំងទៀត នៅចំណុចអង្គភាពច្រកចេញចូលតែមួយ ដែលជាច្រកទទួលសេវាផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ ដើម្បីធានាបានថា មន្ត្រីរដ្ឋបាលរាជធានី និងអ្នកដែលចូលមកទទួលសេវាផ្សេងៗ មិនមានការផ្ទុកនូវជំងឺកូវីដ១៩។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់គោលដៅចំនួនពីរ ដើម្បីវាស់កម្ដៅទៅលើបុគ្គលិក មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់មួយគោលដៅ នៅចំណុចច្រកចូល នៃសាលារដ្ឋបាលរាជធានីភ្នំពេញ និងមួយទីតាំងទៀត គឺបំពាក់ម៉ាស៊ីនស្កេនកំដៅ នៅចំណុចអង្គភាពច្រកចេញចូលតែមួយ ហើយអង្គភាពច្រកចេញចូលតែមួយនេះ គឺតម្រូវឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែឆ្លងកាត់នូវម៉ាស៊ីនស្កេនថ្មីនេះ។
បើតាមលោកអភិបាល បើមិនឆ្លងកាត់នូវការស្កេនកម្ដៅនិងការវាស់កំដៅទេ គឺមិនអនុញ្ញាតឲ្យចូលមក ក្នុងសាលារាជធានីភ្នំពេញឡើយ។ ក្នុងនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់មន្ត្រីរាជការ របស់រដ្ឋបាលរាជធានីភ្នំពេញ ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស លាងដៃនិងសំអាតអនាម័យ ឲ្យបានស្អាតជៀសវាងនូវការឆ្លងរាលដាលជំងឺកូវីដ១៩៕ ដោយ៖ ប៊ុនធឿន