ប្រដាល់៖ មន្ត្រីអាជ្ញាកណ្ដាលរបស់សហព័ន្ធកីឡាប្រដាល់ លោក ជួន សំណាង បានសម្ដែងនូវក្តីរីករាយ និងថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យមានការប្រកួតឡើងវិញ ដើម្បីចូលរួមចំណែកនូវការកម្សាន្តដល់បងប្អូននៅតាមគេហដ្ឋាន។
លោកបានបន្តថា ក្នុងការបំពេញការងារជាអាជ្ញាកណ្ដាល ទាំងរូបលោក ក៏ដូចជាកីឡាករ និងមន្ត្រីដ៏ទៃទៀត បានរក្សាគំលាត និងអនុវត្តនូវអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកថា តាមរយៈការប្រកួតនេះនឹងជួយបំបាត់អារម្មណ៍អផ្សុក ដល់បងប្អូនប្រជាពលរដ្ឋពេលនៅផ្ទះ ដើម្បីជៀសវាងការដើរចេញក្រៅ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងនាមជាអាជ្ញាកណ្ដាល និងជាគ្រូប្រដាល់ផងនៅលោក ជួន សំណាង បានអំពាវនាវដល់បងប្អូនដែលកំពុងមានបំណងចង់ទៅស្រុក សូមឲ្យពួកគាត់បន្តនៅផ្ទះមួយរយៈសិន តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នការប្រកួតប្រដាល់គុនខ្មែរនៅសង្វៀនទូរទស្សន៍បាយ័ន និង BTV មានសរុប ៦កម្មវិធី ដែលការប្រកួតនឹងត្រូវធ្វើឡើងរៀងរាល់សប្ដាហ៍ដូចសព្វដង ក៏ប៉ុន្តែផ្អាកការប្រកួតលក្ខណៈអន្តរជាតិ មកប្រកួតមិត្តភាពជាតិមួយរយៈរង់ចាំដល់ការរីករាលដាលឆ្លងនៃមេរោគ Covid-19 ទាំងនៅកម្ពុជា និងប្រទេសជិតខាងបានប្រសើរឡើងវិញ៕