ភ្នំពេញ៖ ចំពោះសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងអនុញ្ញាតឲ្យរៀបចំការប្រឡងតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬ ប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានាស្តង់ដាគុណភាពដែលអាចទទួលយកបាន។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។
គ្រឹះស្ថានសិក្សាដែលអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា អាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ ប៉ុន្តែសាមីគ្រឹះស្ថានសិក្សាត្រូវចុះហត្ថលេខាដោយ ខ្លួនឯង។ ក្រសួងនិងចុះអធិការកិច្ច តាមការចាំបាច់ដើម្បីធានា នូវគុណភាពសញ្ញាបត្រ។ ជាមួយគ្នានោះ ក្រសួងអប់រំ លើកទឹកចិត្តមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ត្រូវជំរុញនិងត្រួតពិនិត្យឲ្យកូនចៅ ធ្វើការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក តាមប្រតិទិនដែលគ្រឹះស្ថានបានកំណត់ និងត្រូវជំរុញឲ្យកូនចៅធ្វើការសិក្សានៅផ្ទះ ដើម្បីកុំឲ្យកូនចៅទៅកន្លែងមួយចំនួនដែលប្រឈមនឹងការឆ្លងខ្ពស់៕ ដោយ៖ ប៊ុនធឿន