ព្យុះកំបុតត្បូងដ៏ធំមួយបានវាយប្រហារនៅភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ សម្លាប់មនុស្ស៦នាក់ ។
មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ព្យុះកំបុតត្បុងនេះបក់បោកនៅរដ្ឋ Mississippi បណ្តាលឲ្យមានការខូចខាត«ជាមហន្តរាយ»តែម្តង ។ របាយការណ៍បឋម មនុស្ស៦នាក់បានបាត់បង់ជីវិត ។
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Mississippi (MSEMA) បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតម្នាក់នៅតំបន់ Walthall County, ស្លាប់២នាក់នៅតំបន់Lawrence County និងស្លាប់៣នាក់នៅតំបន់ Jefferson Davis County ។ តំបន់ទាំងអស់នេះស្ថិតនៅភាគខាងត្បូងរដ្ឋ Mississippi។
នៅរដ្ឋជិតខាង Mississippi ដូចជារដ្ឋ Alabama និងរដ្ឋ Georgia បានរងគ្រោះដោយសារតែខ្យល់ព្យុះកំបុតត្បូងនេះផងដែរ ។ ព្យុះផ្គររន្ទះបន្តកើតឡើងពេញមួយយប់តែម្តង ។ ក្រៅពីខ្យល់បក់បោកខ្លាំង ក៏នៅមានព្រឹលធ្លាក់ក្រាស់ ។
អភិបាលរដ្ឋMississippi លោក Tate Reeves បានទទូចដល់បលរដ្ឋយកចិត្តទុកដាក់ចំពោះខ្យល់ព្យុះកំបុតត្បូងដ៏កំណាចមួយនេះ ។
គួរបញ្ជាក់ថា ពលរដ្ឋក្នុងតំបន់បាននិងកំពុងអនុវត្តបម្រាមឃ្លាតឆ្ងាយពីសង្គម ទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសCOVID-19 ។
វីរុស COVID-19 នៅសហរដ្ឋអាមេរិក បើយោងតាមប្រភព wikipedia ផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា បានឆ្លងលើមនុស្សសរុប ៥៥៩ ៤០៩នាក់ ក្នុងនោះ បាត់បង់ជីវិត ២២ ០៧១នាក់ និង ៣៣ ១១៥នាក់ជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat