បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា ឬកូវីដ១៩ រហូតមកដល់វេលាម៉ាង៩ព្រឹក ថ្ងៃទី១៣ ខែខមេសា ឆ្នាំ២០២០ វាបានសម្លាប់មនុស្សនៅលើពិភពលោក ចំនួន១១៤ ២២១នាក់ ក្នុងចំណោមអ្នកជំងឺ ១៨៥២ ៦៩៤នាក់នាក់។
បើយោងតាមវើលដូម៉ែទ័រ បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមេសា វីរុសកំពុងតែរាតត្បាត នៅលើប្រទេស និងដែនដីចំនួន២១០ នៅជុំវិញពិភពលោក។ ក្នុងចំណោមអ្នកជំងឺជិត២លាននាក់ខាងលើនេះ មានអ្នកជាសះស្បើយ ៤២៣ ៤៧៩នាក់។
ទោះជាយ៉ាងណា បណ្ដាប្រទេសនៅលើពិភពលោក អាមេរិក ជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត ដោយមានអ្នកឆ្លងកើនឡើងជាង ៥៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង២២ពាន់នាក់ និងជាសះស្បើយជាង៣២ពាន់នាក់។ រហូតមកដល់ពេលនេះ អាមេរិកមានអ្នកស្លាប់ ដោយសារកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។
អេស្ប៉ាញ ជាប្រទេសមានអ្នកឆ្លងច្រើនជាងគេលំដាប់លេខ២ នៅលើពិភពលោក ដោយមានអ្នកផ្ទុកកូវីដ១៩ កើនឡើងដល់ជិត១៦៧ពាន់នាក់ ក្នុងនោះស្លាប់ជាង១៧ពាន់នាក់ និងជាសះស្បើយ ជាង៦២ពាន់នាក់។
អ៊ីតាលី ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៣ ដោយមានអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួនជាតិ១៥៦ពាន់នាក់ ក្នុងនោះស្លាប់ជិត២ម៉ឺននាក់ និងជាសះស្បើយជាង៣៤ពាន់នាក់។
ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនោះ តែបច្ចុប្បន្នបានធ្លាក់ចុះមកក្នុងចំណាត់ថ្នាក់ នៃតារាងប្រទេសមានអ្នកឆ្លងវីរុសកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ចិនមានអ្នកឆ្លងសរុបជាង៨២ពាន់នាក់ ក្នុងនោះស្លាប់ជាង៣ពាន់នាក់ និងជាសះស្បើយ ជិត៧៨ពាន់នាក់។ រហូតមកដល់ពេលនេះ ចិនបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ហើយលុបចោលច្បាប់បម្រាមគោចរផងដែរ។
ដោយឡែកប្រទេសនិងដែនដី ដែលមានអ្នកឆ្លងតិចជាងគេ គឺយេមែន និង Saint Pier Miquelon ។ ប្រទេសទាំង២នេះមានការឆ្លងវីរុសកូវីដ១៩ តែមួយករណីដូចគ្នា៕ ប្រែសម្រួលដោយ Nuon