ភាពតានតឹង រវាងឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះឡើងសាជាថ្មីទៀត នៅតំបន់កាស្មៀរ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។ គូជម្លោះបានវាយប្រហារគ្នា ដោយប្រើប្រាស់កាំភ្លើងធុនធ្ងន់ រហូតធ្វើឲ្យជនស៊ីវិលយ៉ាងតិច៣នាក់បានស្លាប់។
ជម្លោះដែនដី នៅតំបន់កាស្មៀរ ដែលខណ្ឌចែកព្រំដែនសីមា រវាងឥណ្ឌា និងប៉ាគីស្ថាននោះបានកើតឡើង អូសបន្លាយអស់រយៈពេលជាយូរមកហើយ។ កិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានធ្វើឡើង កាលពីឆ្នាំ២០០៣ ប៉ុន្តែជាបន្តបន្ទាប់ ការចោទប្រកាន់ពីការរំលោភកិច្ចព្រមព្រៀងនោះតែងតែកើតមានជាហូរហែ។ ភាគីនីមួយៗបានតម្រង់កាណុងកាំភ្លើងដាក់គ្នាទៅវិញទៅមក។ សង្គ្រាមនៅទីនោះធ្លាប់បានកើតឡើង ចំនួន៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ១៩៤៧រហូតមក ។
មន្ត្រីប៉ូលិសឥណ្ឌាមួយរូបឈ្មោះ Shri Ram Ambarkar បានថ្លែងថា ជនស៊ីវិលឥណ្ឌា ចំនួន៣នាក់ ក្នុងនោះស្ត្រីម្នាក់ និងកុមារផងដែរ បានស្លាប់ ដោយសារតែរងនូវគ្រាប់កាំភ្លើងដែលបាញ់ប្រហារទៅលើលំនៅឋានរបស់ពួកគេ ស្ថិតនៅតាមបន្ទាត់ព្រំដែន តំបន់ Kupwara តាមជ្រលងដែនដីកាស្មៀរ កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ។
មន្ត្រីដដែលបញ្ជាក់ថា អ្នកខ្លះទៀតរងរបួស ហើយត្រូវបានអាជ្ញាធរឥណ្ឌាបើកប្រតិបត្តិការជួយសង្គ្រោះ នៅក្នុងអំឡុងពេលមានការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរឆ្លងកាត់ព្រំដែននៅក្នុងតំបន់។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន ប៉ាគីស្ថានបានអះអាងថា កងកម្លាំងឥណ្ឌាបានបាញ់កាំភ្លើងធុនធ្ងន់ ដោយមានគោលដៅមកលើទីតាំងរស់នៅរបស់ជនស៊ីវិល ក្នុងទឹកដីគ្រប់គ្រងដោយប៉ាគីស្ថាន ។ មនុស្សសរុប៨នាក់ ក្នុងនោះមានកុមារផងដែរបានរងរបួសដោយការបាញ់រ៉ុក្កែត និងកាំភ្លើងត្បាលពីសំណាក់ឥណ្ឌា កាលពីថ្ងៃទី១១ និង១២ ខែមេសា ។
មន្ត្រីឥណ្ឌា បានបញ្ជាក់ថា នេះគឺជាលទ្ធផល នៃការយល់ច្រឡំមួយ ហើយថា បញ្ហាត្រូវបានដោះស្រាយបញ្ចប់ហើយ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កងកម្លាំងពិសេសឥណ្ឌា៥នាក់ និងក្រុមឧទ្ទាម៥នាក់បានស្លាប់ នៅក្នុងការវាយប្រហារគ្នាដ៏សាហាវមួយ នៅតាមបន្ទាត់ព្រំដែន ។
ការប្រើប្រាស់កាំភ្លើងធំធុនធ្ងន់សម្តៅទៅលើទីតាំងតំបន់ជនស៊ីវិល ត្រូវបានកត់ត្រា នៅក្នុងការប្រយុទ្ធគ្នាថ្មីៗចុងក្រោយគេបង្អស់ នាឆ្នាំ២០២០នេះ ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមនៅកាស្មៀរកាន់កាប់ ដោយឥណ្ឌា បានទាមទារឱ្យទឹកដីនេះ រួបរួមបញ្ចូលគ្នា ទាំងនៅក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថានផងដែរ ឬឲ្យទៅជាដែនដីឯករាជ្យ ។ ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថាន ពីបទបំពាក់អាវុធ និងបណ្តុះបណ្តាលក្រុមឧទ្ទាមប្រឆាំងឥណ្ឌា និងជួយពួកគេផងដែរ ដោយផ្តល់កាំភ្លើងសម្រាប់ការលុកលុយ ចូលមកដែនដីខាងឥណ្ឌា ។ ប៉ាគីស្ថានបដិសេធការលើកឡើងនេះ ដោយនិយាយថា ខ្លួនផ្តល់តែការគាំទ្រខាងសីលធម៌ និងការទូតដល់ពួកសកម្មប្រយុទ្ធ និងក្រុមជនជាតិភាគតិច ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាប៉ុណ្ណោះ ។
ក្រុមឧទ្ទាមបានចាប់ផ្តើមប្រយុទ្ធប្រឆាំងលើការគ្រប់គ្រងរបស់ប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ ១៩៨៩ ។ មនុស្សជិត ៧ ម៉ឺននាក់ បានស្លាប់នៅក្នុងការបះបោរ និងការបង្ក្រាបរបស់យោធាឥណ្ឌាជាបន្តបន្ទាប់ ៕ ប្រែសម្រួលដោយ៖ thach yat