នាវាផ្ទុកយន្តហោះប្រភេទ 075 មួយគ្រឿងរបស់កម្លាំងជើងទឹកប្រទេសចិន ខណៈជិតបញ្ចប់ការសាងសង់ ហើយត្រូវគេសង្ស័យថា នឹងប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ស្រាប់តែត្រូវភ្លើងឆេះ ។ នាវាផ្ទុកយន្តហោះនេះត្រូវបានគេឲ្យឈ្មោះថា នាវាវាយលុកមហាលាភ ដែលជានាវាផ្ទុកយន្តហោះទីពីររបស់កងកម្លាំងរំដោះប្រជាជនចិន ។ នេះបើតាមការផ្សាយរបស់ប្រភព sputnik ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ។
ប្រភពបានបញ្ជាក់ថា នាវាមហាលាភទី២របស់ចិនត្រូវភ្លើងឆាបឆេះកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ខណៈដែលនាវានេះបាននិងកំពុងស្ថាបនា ស្ថិតនៅកំពង់ផែ Hudong-Zhonghua ទីក្រុងសៀងហៃ។
គេនៅមិនទាន់ដឹងពីទំហំខូចខាត ហើយក៏មិនទាន់ដឹងអំពីមូលហេតុពិតប្រាកដបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងនោះទេ ។
នាវាមហាលាភនេះស្ថិតក្រោមការសាងសង់ បន្ទាប់ពីនាវាផ្ទុកយន្តហោះទីមួយបានសម្រេចការស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០១៩ ។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានមានផែនការសាងសង់នាវាផ្ទុកយន្តហោះយ៉ាងតិច៣គ្រឿង ។ ទីភ្នាក់ងារព័ត៌មាន Forbes បានផ្សាយថា នាវាមហាលាភដែលកំពុងសាងសង់ និងត្រូវភ្លើងឆេះនេះ មានគម្រោងសម្ពោធឆាប់ៗ ។ រហូតដល់ឆ្នាំ២០៣០ កងនាវាចរកងកម្លាំងរំដោះប្រជាជនចិន(PLAN)នឹងមាននាវាផ្ទុកយន្តហោះយ៉ាងតិច៦គ្រឿងដាក់ឲ្យប្រតិបត្តិការ គឺប្រហាក់ប្រហែល ការស្ថាបនាស្រដៀងទៅនឹងនាវាកម្លាំងជើងទឹកអាមេរិកដូច្នោះដែរ ៕ ប្រែសម្រួលដោយ៖ thach yat