សហរដ្ឋអាមេរិក បានធ្វើទំនើបកម្មដោយសម្ងាត់នូវអាវុធនុយក្លេអ៊ែរ ដែលបានរក្សាទុកក្នុងមូលដ្ឋានជើងអាកាស Buchel ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ ។ នេះបើយោងតាមប្រភព Spiegel ចេញផ្សាយ ហើយត្រូវបានប្រភព Sputnik ដកស្រង់យកមកចុះផ្សាយបន្ត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។
ប្រភពព័ត៌មានដដែល បានបន្តថា នៅចុងខែសីហា ឆ្នាំ២០១៩ កងកម្លាំងជើងអាកាសអាមេរិកបានហោះដឹកអាវុធនុយក្លេអ៊ែរ B-61 ប្រហែល២០គ្រាប់ តាមជើងហោះហើរដឹកជញ្ជូនយោធា C-17 ‘Globemaster’ពីបន្ទាយជើងអាកាស Buchel ស្ថិតក្នុងរដ្ឋ Rhineland-Palatinate ប្រទេសអាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិក រយៈពេលពីរថ្ងៃ ដើម្បីដំឡើងផ្នែកទន់ (software)។
យន្តហោះដែលដឹកអាវុធនុយក្លេអ៊ែរ នាពេលនោះ គឺជាយន្តហោះរបស់អង្គភាព Airlift Wing ទី៦២ មូលដ្ឋាននៅទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន ដែលជាកងវរសេនាតូចអាមេរិកតែមួយគត់ អនុញ្ញាតឲ្យដឹកជញ្ជូនអាវុធនុយក្លេអ៊ែរ ហើយនិងសារធាតុរបស់វា។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាមេរិកក៏បានជូនដំណឹងដល់អាល្លឺម៉ង់ភ្លាមៗ មុនពេលការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ចាប់ផ្តើម។
អាវុធនុយក្លេអ៊ែរដែលរក្សាទុក នៅក្នុងបន្ទាយជើងអាកាស Buchel នោះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយ នៃការរៀបចំ ដើម្បីចែករំលែកនូវអាវុធនុយក្លេអ៊ែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរក្សាទុកអាវុធនុយក្លេអ៊ែរទាំងនោះ មិនមានការបញ្ជាក់ផ្លូវការពីភាគីអាល្លឺម៉ង់ ឬសហរដ្ឋអាមេរិកនោះឡើយ ហើយទីតាំងរក្សាទុកនោះទៀតសោត ក៏ស្ថិតក្នុងកិច្ចការសម្ងាត់រហូតដែរ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន DW បានផ្សាយថា ការរៀបចំចែករំលែកនុយក្លេអ៊ែរ គឺអនុញ្ញាតឲ្យរដ្ឋសមាជិកអង្គការណាតូ ដែលមិនមានអាវុធនុយក្លេអ៊ែរ អាចចូលរួមក្នុងផែនការ និងបណ្តុះបណ្តាល ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះបានដែរ ។
គួរបញ្ជាក់ថា បើតាមប្រភព Wikipedia បានផ្សាយថា សហរដ្ឋអាមេរិកបានផ្តល់អាវុធនុយក្លេអ៊ែរ B-61 យុទ្ធសាស្ត្រ ប្រហែល៦០គ្រាប់ទៅឲ្យអាល្លឺម៉ង់ប្រើប្រាស់ ស្ថិតក្រោមកិច្ចព្រមព្រៀងចែករំលែកអាវុធនុយក្លេអ៊ែររបស់អង្គការណាតូ ៕ ប្រែសម្រួលដោយ៖ thach yat