ថ្វីបើវៀតណាមកំពុងតែរងនូវការរាតត្បាតពីវីរុសកូវីដ១៩ ដូចបណ្ដាប្រទេសនានា នៅលើពិភពលោកក្ដី តែនាយករដ្ឋមន្រ្ដី នៃប្រទេសនេះ នៅតែអនុញ្ញាឲ្យមានការនាំអង្ករចេញ រហូតដល់ទៅ៤សែនតោន នៅក្នុងខែមេសា នេះ។
បើយោងតាមបណ្ដាញផ្សព្វផ្សាយវៀតណាម បានឲ្យដឹងថា ក្រោយពេលមានសំណើពី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MOIT) រួចមក លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្ដីវៀតណាម ក៏បានអនុញ្ញាតឲ្យនាំចេញអង្ករចេញ រហូតដល់៤សែនតោន នៅក្នុងខែមេសា។ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់ផងដែរថា សន្ដិសុខស្បៀងអាហារក្នុងប្រទេស ត្រូវតែធានា។
លោកនាយករដ្ឋមន្រ្ដីវៀតណាម បានបញ្ជាក់ថា ការនាំចេញអង្ករ ត្រូវតែមិនធ្វើឲ្យប៉ះពាល់ដល់ស្បៀងអាហារ នៅក្នុងប្រទេសនោះឡើយ។ ជាពិសេ នៅក្នុងបរិយាកាស នៃការប្រែប្រួល អាកាសធាតុ និងការរីករាតត្បាត នៃវីរុសកូវីដ១៩។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី បានស្នើឲ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រៀបចំផែនការនាំចេញ សម្រាប់ខែឧសភា ឲ្យបានរួចរាល់ និងរាយការណ៍ជូនលោក នៅមុនថ្ងៃទី២៥ ខែមេសា។ របាយការណ៍ទាំងនេះ ក៏ដើម្បីរៀបចំបង្កើតសេណារីយ៉ូ សម្រាប់ធ្វើនិយតកម្មទីផ្សារស្រូវ ក្នុងកាលៈទេសៈមានការរាតត្បាត នៃ Covid-19 អាចនឹងបន្តរាលដាល រហូតដល់ចុងឆ្នាំ២០២០។
ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែមេសា បានស្នើទៅនាយករដ្ឋមន្រ្ដីវៀតណាម ដើម្បីនាំអង្ករចេញ ចំនួន៨សែនតោន នៅក្នុងខែមេសា និងខែឧសភា។ ប៉ុន្ដែចំនួននេះបានធ្លាក់ចុះ ប្រហែល៤០ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៩។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា ជាលើកដំបូងនេះ វៀតណាមនឹងនាំចេញអង្ករចំនួន៤សែនតោន នៅក្នុងខែមេសា។ រីឯនៅខែឧសភា ការសម្រេចចិត្តនឹងធ្វើឡើង នៅសប្ដាហក្រោយ នៃខែមេសា ហើយការនាំចេញនេះ ក៏ផ្អែកទៅលើស្ថានភាព នៃការរីករាលដាល នៃវីរុសកូវីដ១៩ និងរបាយការណ៍ពីក្រសួងពាក់ព័ន្ធផងដែរ៕ ប្រែសម្រួលដោយ Nuon