បណ្តាញផ្សព្វផ្សាយពសង្គមដ៏ធំ មូលដ្ឋាននៅក្នុងប្រទេសចិន TikTok បានប្រកាសផ្តល់កញ្ចប់ទឹកប្រាក់២៥០លានដុល្លារ ដើម្បីជួយគាំទ្រដល់ខ្សែត្រៀមជួរមុខ ដូចជាកម្មករ, អ្នកសិក្សាអប់រំ និងសហគមន៍នៅក្នុងតំបន់ទាំងឡាយ ដែលរងនូវវិបត្តិដោយសារវីរុស COVID-19 ។
ប្រភព IOL ផ្សាយថ្ងៃទី១០ ខែមេសាថា ក្រុមហ៊ុនផ្សព្វផ្សាយសង្គម អែបវីដេអូខ្លីៗ TikTokនេះ ក៏នៅបានកំណត់ដោយឡែកបន្ថែមទៀតទឹកប្រាក់១០០លានដុល្លារ នៅក្នុងឥណទានផ្សព្វផ្សាយពាណិជ្ជកម្មចំពោះអាជីវកម្មទាំងឡាយ ដែលស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឲ្យអាជីវកម្មរបស់ខ្លួនបានប្រសើរឡើងវិញ ។
អង្គការសុខភាពសាធារណៈ ដូចជាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) និងអង្គការសុខភាពពិភពលោក (WHO) ក៏ទទួលបាននូវឥណទានផ្សព្វផ្សាយពាណិជ្ជកម្ម១៥លានដុល្លារ និង១០លានដុល្លារផងដែរ ក្នុងអង្គការនីមួយៗ ។
មូលនិធិ CDC បានប្រកាសនៅលើបណ្តាញ tweet កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ថា ខ្លួនពិតជា«អរគុណខ្លាំងណាស់»ចំពោះការបរិច្ចាគរបស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម TikTokនេះ ។
បណ្តាញផ្សព្វផ្សាយសង្គមTikTokនេះ កាលពីមុនគឺជាដៃគូរបស់អង្គការសុខភាពពិភពលោក ដោយបានផលិតកម្មវិធីផ្សាយបន្តផ្ទាល់អប់រំលើវិស័យសុខភាពសាធារណៈ និងវិទ្យាសាស្ត្រ ដោយបញ្ចូលសំឡេងដ៏ល្បីល្បាញ់របស់ពិធីករអាមេរិក Bill Nye គឺកម្មវិធីឈ្មោះ «យុវជនវិទ្យាសាស្ត្រ»។
ក្រុមហ៊ុន TikTok បានបញ្ជាក់ផងដែរថា ខ្លួនបាននិងកំពុងធ្វើការជាមួយដៃគូដើម្បីចែកចាយម៉ាស និងបរិក្ខារការពារខ្លួនដទៃផ្សេងទៀតដល់មន្ទីរពេទ្យនៅប្រទេសដែលរងគ្រោះបំផុត ដូចជាអ៊ីតាលី, កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើម ។
លោក Alex Zhu អគ្គនាយកក្រុមហ៊ុនផ្សព្វផ្សាយសង្គម TikTok បានថ្លែងការណ៍ថា «យើងយល់ច្បាស់អំពីពេលវេលាដ៏លំបាកទាំងនេះចំពោះអ្នកគ្រប់គ្នា ។ យើងបានបន្តផ្តល់ជូនឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបានដើម្បីជួយជាសប្បុរសធម៌» ។
គួរបញ្ជាក់ថា បណ្តាញផ្សព្វផ្សាយសង្គម TikTok បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ។ នៅឆ្នាំ២០១៩ បណ្តាញសង្គមមួយនេះបានក្លាយជា App ដែលមានការគេដោនឡូតបំផុតទី៧នៅក្នុងទសវត្សរ៍ ។ នេះបើតាមគេហទំព័របច្ចេកវិទ្យា CNET ៕ ប្រែសម្រួលដោយ៖ thach yat